Close

ទោះចាញ់ទាំង២ប្រកួតដំបូង តែគ្រូអង្គរថាយហ្គឺរ ឃើញពីភាពវិជ្ជមានក្រុមរបស់លោក

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ កីឡា
ទោះចាញ់ទាំង២ប្រកួតដំបូង តែគ្រូអង្គរថាយហ្គឺរ ឃើញពីភាពវិជ្ជមានក្រុមរបស់លោក ទោះចាញ់ទាំង២ប្រកួតដំបូង តែគ្រូអង្គរថាយហ្គឺរ ឃើញពីភាពវិជ្ជមានក្រុមរបស់លោក

គ្រូបង្វឹកក្រុមបាល់ទាត់ Angkor Tiger FC លោក Alistair Francis Heath បានគូសបញ្ជាក់ថា ទោះបីជាចាញ់ទាំង២ប្រកួតនៅ Cambodian Premier League រដូវកាល ២០២៣-២៤ ក៏ដោយ ក៏ក្រុមរបស់លោក មានភាពវិជ្ជមានយ៉ាងខ្លាំងដែរ។

កាលពីម្សិលមិញនេះ លោក Alistair Heath បានគូសបញ្ជាក់នៅក្នុងទំព័រ Page ផ្លូវការណ៍របស់ក្លិប Angkor Tiger Football Club បែបនេះថា៖«ក្រឡេកទៅមើលការប្រកួតពីរលើកកន្លងមកនេះ ទោះបីជាមានខកចិត្តក៏ដោយ ខ្ញុំក៏ឃើញមានភាពវិជ្ជមានខ្លាំងក្នុងពេលតែមួយ»។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បានបន្តថា៖«យ៉ាងហោចណាស់យើងអាចមាន ៤ពិន្ទុបានយ៉ាងងាយស្រួល ដោយយើងបានបង្កើតឱកាសជាច្រើន និងគ្រប់គ្រងក្នុងរយៈពេលដ៏ច្រើន ដើម្បីឈ្នះការប្រកួតទាំងពីរកន្លងមក។ ការធ្វើឱ្យមានកំហុសរបស់បុគ្គល បានធ្វើឱ្យយើងខាតបង់ ហើយជាការកំណត់រវាងការឈ្នះ និងចាញ់ក្នុងការប្រកួតទាំងពីរ។ យើងកំពុងធ្វើការធានាថាកំហុសទាំងនេះត្រូវបានកាត់ចេញ ហើយយើងនឹងធ្វើអោយការលេងរបស់មានភាពរឹងមាំដែលអ្នកគាំទ្ររបស់យើងសមនឹងទទួលបាន»។
លោកបានបន្ថែមថា៖«ខ្ញុំប្រកាន់ខ្ជាប់នូវអ្វីដែលខ្ញុំបាននិយាយកន្លងមក គឺយើងមានអ្នកគាំទ្រល្អបំផុតក្នុងលីគកំពូលកម្ពុជា។ យើងទាំងអស់គ្នាចង់ធ្វើឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតក្នុងផ្ទះលើកដំបូង នៃរដូវកាលនេះ ដើម្បីតបស្នងដល់ប្រជាជនខេត្តសៀមរាប ដែលបានបង្ហាញការគាំទ្រយ៉ាងសម្បើម»។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលមិនទាន់មានពិន្ទុរាប់ ក្រោយឆ្លងកាត់២ប្រកួត ចាញ់ទាំង២ប្រកួត មាន ០ពិន្ទុ។ ប្រកួតបើកឆាក ក្រុមដែលមានមូលដ្ឋាន ក្នុងខេត្តសៀមរាបមួយនេះ បានប្រកួតចាញ់ក្រុមដែលទើប Promote ឡើងពីកម្ពុជាលីគ២ អាយ អេស អាយដង្កោសែនជ័យ ក្នុងលទ្ធផល ១-០។ បន្ទាប់មក បានប្រកួតចាញ់ក្រុម បឹងកេត ក្នុងលទ្ធផល ៤-១ ខណៈខ្លួនជាអ្នកបើកការនាំមុខមុន៕

អត្ថបទទាក់ទង