ក្រសួងកសិកម្មពិភាក្សាជាមួយតំណាងប្រទេសឥណ្ឌូនេស៊ី លើការនាំចេញអង្ករពីកម្ពុជា
នៅថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបពិភាក្សាការងារជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និងគណៈប្រតិភូនៅទីស្ដីការក្រសួង។
យ៉ាងណាមិញ នេះជាកិច្ចពិភាក្សាដែលធ្វើឡើងតែ៥ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលបានបញ្ជាក់អំពីបំណងក្នុងការនាំអង្ករពីកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋមន្ដ្រី Pahala Nugraha Mansury បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់អំពីសន្តិសុខស្បៀងនៅក្នុងប្រទេស និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដែលក្នុងនោះក៏មានកម្ពុជាផងដែរ ដើម្បីធានាសន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តមបានសង្កត់ធ្ងន់ថា វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារឥណ្ឌូនេស៊ី ជាការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែលមានគុណភាពល្អ ជាពិសេសមានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិកអាស៊ានចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការជួយដល់មិត្តដែលកំពុងមានតម្រូវការ ហើយក្រសួងកសិកម្មកម្ពុជានឹងជួយសម្រួលដល់ការនាំចេញអង្កដើម្បីទ្រទ្រង់ដល់សន្តិសុខស្បៀងសម្រាប់ប្រទេសឥណ្ឌូណេសុីជាមិត្ត។ ការងារនេះក៏នឹងមានការសហការគាំទ្រពីវិស័យឯកជនកម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាតួអង្គសំខាន់។
ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោតទៅលើការចាប់អារម្មណ៍របស់ភាគីឥណ្ឌូណេស៊ីក្នុងការវិនិយោគក្នុងផ្នែកខ្លះនៃខ្សែច្រវាក់តម្លៃនៃវិស័យកសិកម្ម ដែលមានដូចជា រោងម៉ាសុីនកិនស្រូវ ឃ្លាំងស្តុក ឬហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក។ ភាគីឥណ្ឌូណេស៊ីក៏ចាប់អារម្មណ៍ក្នុងការវិនិយោគផ្គត់ផ្គង់ជីអុយរ៉េ មកកម្ពុជាផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូនេស៊ីថា កម្ពុជាបើកចំហរទ្វារជានិច្ចសម្រាប់ឥណ្ឌូនេស៊ី ក្នុងការវិនិយោគក្នុងខ្សែច្រវាក់នៃវិស័យកសិកម្មរបស់កម្ពុជា និងជួយជ្រោមជ្រែងឱ្យដំណើរការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឥណ្ឌូនេស៊ីអាចប្រព្រឹត្តទៅកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់៕