រ៉ូម៉ានី ដាក់សំណើសុំទិញយន្តហោះចម្បាំង F-35 ចំនួន៣២គ្រឿងក្រោមកិច្ចព្រមព្រៀង តម្លៃ៦,៥ពាន់លានដុល្លារ
បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរ៉ូម៉ានីថ្មីៗនេះបានដាក់សំណើទៅកាន់រដ្ឋសភាជាតិរួចរាល់ហើយសុំធ្វើការសម្រេចចិត្តក្នុងការអនុម័តកញ្ចប់ថវិកាជាតិប្រមាណជា៦,៥ពាន់លានដុល្លារក្នុងការបញ្ជាទិញយកយន្តហោះចម្បាំងទំនើបរបស់អាមេរិក F-35 ចំនួន៣២គ្រឿងបន្ថែមទៀត។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងស្រុកលោករដ្ឋមន្ត្រីក្រសួងការពារជាតិ Angel Tilva បានថ្លែងថា៖ នេះគឺជាជំហ៊ានឆ្ពោះទៅមុខរបស់រ៉ូម៉ានីក្នុងការបំពាក់សមត្ថភាពឲ្យកងកម្លាំងទ័ពអាកាសរបស់យើងហើយវាមានន័យថា យើងនឹងអាចចូលរួមក្នុងការថែរក្សាសន្តិសុខនៅក្នុងតំបន់ភាគខាងកើតរបស់អង្គការណាតូផងនិងថែរក្សាសន្តិសុខក្នុងតំបន់ឈូងសមុទ្រខ្មៅផង។
ទោះបីជាយ៉ាងណាក្តី កុងត្រាទិញយន្តហោះចម្បាំងដ៏ច្រើនមួយនេះធ្វើឡើងនៅក្រោមកម្មវិធីបញ្ជាទិញសព្វាវុធពីបរទេសរបស់អាមេរិកហើយទោះបីជាទទួលបានការអនុម័តពីរដ្ឋសភាជាតិរួចរាល់ហើយក្តី ប៉ុន្តែរ៉ូម៉ានីក៏នឹងត្រូវរង់ចាំរហូតដល់មានការអនុម័ត និងយល់ព្រមពីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែរ។
នៅក្នុងឯកសារសំណើដែលត្រូវបានដាក់ទៅរដ្ឋសភារ៉ូម៉ានីក៏បានបង្ហាញទៀតដែរថា បន្ទាប់ពីការបញ្ជាទិញសម្រាប់កងអនុសេនាធំយន្តហោះចម្បាំងចំនួន២ដែលមានយន្តហោះសរុប ៣២ គ្រឿងនេះរួច រូម៉ានីក៏នឹងអាចពិចារណាក្នុងបន្តការទិញកងអនុសេនាធំទី៣ ដែលមានយន្តហោះចម្បាំង ១៦ គ្រឿងផ្សេងទៀតដែរ។
គួរឲ្យដឹងដែរថា ក្រោយការបញ្ជាទិញតាមគ្រោងទុក រ៉ូម៉ានីនឹងក្លាយជាសម្ព័ន្ធមិត្តអឺរ៉ុបខាងកើតទី៣ ហើយបន្ទាប់ពីប្រទេសប៉ូឡូញ និងសាធារណរដ្ឋឆេក ដែលមានសិទ្ធក្នុងការប្រើប្រាស់ការយន្តហោះចម្បាំងជំនាន់ទី៥របស់ ក្រុមហ៊ុនអាមេរិកLockheed Martin ហើយរ៉ូម៉ានីសង្ឃឹមថា កងកម្លាំងយោធារបស់ខ្លួនអាចទទួលបានយន្តហោះចម្បាំងដំបូងនៅឆ្នាំ២០៣០ខាងមុខ៕