Close

រដ្ឋបាលខេត្តមណ្ឌលគិរីប្រកាសផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ែត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលខេត្តមណ្ឌលគិរីប្រកាសផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ែត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ រដ្ឋបាលខេត្តមណ្ឌលគិរីប្រកាសផ្អាកបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ែត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩

មណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរីបានជូនដំណឹងដល់សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទសស្តីពីការផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ែត្រលេ៩១ ដល់គីឡូម៉ែត្រលេខ៩៩ ក្នុងមូលដ្ឋានខេត្ត។

ការប្រកាសផ្អាកជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តនេះ បន្ទាប់ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀងបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្តាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី ១ ខែសីហាបានសរសេរថា៖ “ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរឡើងវិញនាពេលខាងមុខ”។

សេចក្តីជូនដំណឹងបន្តថា ប្រសិនបើ សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្តមណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីជាបណ្ដោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តប្រកាសសូមការអធ្យាស្រ័យពីសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរ តាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ចំពោះការបិទជាបណ្តោះអាសន្ននូវការធ្វើចរាចរ ដោយសារការដាច់ផ្លូវ ដែលបណ្តាលមកពីគ្រោះធម្មជាតិជាយថាហេតុនេះ ។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ នឹងយោគយល់អធ្យាស្រ័យ និងរងចាំការជូនដំណឹងបើកឱ្យដំណើរការឡើងវិញនូវការធ្វើចរាចរសម្រាប់យានយន្តគ្រប់ប្រភេទឆ្លងកាត់ខេត្តមណ្ឌលគិរី នាពេលឆាប់ៗ ខាងមុខនេះ ៕

អត្ថបទទាក់ទង