ដំណឹងថ្មី : គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅថ្ងៃស្អែកនេះ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ ២០២៣ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ ។ នេះបើតាមកិច្ចប្រជុំរបស់គ.ជ.ប នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ ។
យោងតាមសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំ គ.ជ.ប ដែលដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បាន ឱ្យដឹងថា កិច្ចប្រជុំបានឯកភាពលើប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ (វិសោធនកម្ម ចំណុចទី២១-២៧)។
ចំណុចទី២១ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលបណ្តោះអាសន្នដោយ គ.ជ.ប (ករណីគ្មាន ឬមានពាក្យបណ្តឹង និងគ្មានការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ (ថ្ងៃចុងក្រោយ)។
ចំណុចទី២៧ ក្នុងប្រតិទិន៖ ការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត (ករណីគ្មាន ឬមានពាក្យបណ្តឹង និងករណីគ្មាន ការបោះឆ្នោតសាជាថ្មី) ប្រកាសថ្ងៃទី៤ ខែសីហា-ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ជុំវិញការប្រកាសផ្សាយលទ្ធផលបោះឆ្នោត ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគ.ជ.ប ប្រាប់នៅថ្ងៃទី ៣១ ខែកក្កដា ថា បើពិនិត្យទៅលើលទ្ធផលបឋមសម្រាប់ការបោះឆ្នោតនេះ មានការប្រែប្រួលទៅលើសន្លឹកឆ្នោតខ្លះ ប៉ុន្តែ មិនបានធ្វើ ឱ្យមានការប្រែប្រួលដល់ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះបោះឆ្នោត ហើយបានចេញទៅបោះឆ្នោតនោះទេ ។
ឯកឧត្តមបន្ថែមថា សម្រាប់លទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រក្សាបាននូវ ៨៤,៥៩ % ដដែល ។ រី ឯចំនួនសន្លឹកឆ្នោត មានការប្រែប្រួលខ្លះនោះ ក៏មិនបានធ្វើ ឱ្យប្រែប្រួលភាគរយរបស់គណបក្សនយោបាយ ដែលទទួលបានសម្លេងឆ្នោតនោះដែរទេ។
ជាមួយគ្នានេះ ឯកឧត្តម សោម សូរីដា បញ្ជាក់ថាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ មានតែគណបក្សនយោបាយចំនួន ២ ប៉ុណ្ណោះដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ១២០ អាសនៈ រីឯគណបក្សហ៊ុនស៊ិនប៉ិច ទទួលបានបាន ៥ អាសនៈ ។ រីឯគណបក្សនយោបាយចំនួន ១៦ ផ្សេងទៀតដែលបានចូលរួមការបោះឆ្នោនេះ មិនទទួលបានអាសនៈនោះទេ ។
បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKP គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និងYouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕