Kyodo News ដកស្រង់ឯកសារឆ្នាំ២០២០ បញ្ជាក់ពីការត្រៀមខ្លួនរបស់ចិនចំពោះសង្គ្រាម
បរទេស ៖ ជារបាយការណ៍ស្រាវជ្រាវមួយដោយកាសែតជប៉ុន Kyodo News កាលពីដើមសប្តាហ៍កន្លងមកដែលបានចេញផ្សាយថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីឆ្នាំ២០២០ពិតជាបានចេញបញ្ជាប្រាប់ឲ្យកងកម្លាំងយោធារបស់ចិនត្រៀមខ្លួនក្នុងករណីមានសង្គ្រាមណាមួយដែលនឹងផ្ទុះឡើង។
ប្រភពដដែលបានសរសេរថាប្រធានាធិបតីចិនរូបនេះបានបញ្ជាក់ប្រាប់ទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីអំឡុងកិច្ចប្រជុំដ៏សំខាន់មួយក្នុងឆ្នាំ២០២០បែបនេះថា ៖ ក្នុងពេលដែលចិនកំពុងងើបឡើងខ្លាំងក្នុងតំណែងជាមហាអំណាចពិភពលោក ហើយលោកខាងលិចកំពុងធ្លាក់ចុះឥទ្ធិពលនោះរដ្ឋាភិបាលក្រុងប៉េកាំងចាំបាច់ត្រូវតែត្រៀមខ្លួនថានឹងអាចមានសង្គ្រាមផ្ទុះឡើងរវាងភាគីទាំងពីរ។
ក្នុងពេលដែលតុល្យភាពនៃអំណាចកំពុងមានសកម្មភាពផ្លាស់ប្តូរខ្លាំងបែបនេះ លោក Xi បានព្យាករណ៍ថា ជម្លោះអាចនឹងផ្ទុះឡើង ហើយបន្តពង្រីកនិងរីកសាយភាយ ប៉ុន្តែមិនមែនក្នុងន័យជាសង្គ្រាមលោកលើកទី ៣ នោះទេ។
មកដល់ពេលនេះមិនមានការអះអាងច្បាស់ទេថា តើលោក Xi អាចមើលឃើញជម្លោះទាំងនោះកើតចេញពីប្រភពណាដំបូងនោះទេ ប៉ុន្តែសារព័ត៌មាន Kyodo News បានសន្មតថាមេដឹកនាំចិនរូបនេះគឺបានចាត់ទុកកោះតៃវ៉ាន់ទំនងនឹងក្លាយទៅជាចំណុចចាប់ផ្តើមមួយ។
គួរឲ្យដឹងដែរថា ឯកសារសំងាត់នេះត្រូវបានគេរាយការណ៍ថាត្រូវបានចងក្រងឡើយនៅក្រោយនៃកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃក្រុមមន្ត្រីយោធាកំពូលៗរបស់ចិនហើយបានចែកចាយបន្តទៅកាន់មេបញ្ជាការ និងមន្ត្រីបក្សរបស់ចិនកាលពីរដូវក្តៅមុននេះ៕