ក្រសួងការងារនឹងបញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដោយឥតគិតប្រាក់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ បានទទួលជួបសម្ដែងការគួរសមជាមួយប្រតិភូសមាគមអ្នកភ្លេងខ្មែរ។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងពីគម្រោងក្នុងការដាក់បញ្ចូលជំនាញដូរតន្ត្រីទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា។
ស្របពេលជាមួយគ្នាដែលបច្ចេកវិទ្យាកាន់តែទំនើប ការហូរចូលនៃទម្រង់សិល្បៈ វប្បធម៌បរទេស កាន់តែមានភាពងាយស្រួល ដូច្នេះហើយត្រូវទាមទារឱ្យមានការថែរក្សាអត្តសញ្ញាណទ្វេដង។
ក្នុងបរិបថនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានសង្កត់ធ្ងន់ថា នេះមិនមែនជាការបង្អាក់ដំណើរ ឬក៏ហាមឃាត់នូវចំណូល ចិត្តបែបយុវជនសម័យថ្មីទេ ប៉ុន្តែជាការក្រើនរំលឹកពួកគេក្នុងការចូលរួមថែរក្សាអ្វីដែលរបស់ខ្មែរ។
បើតាមឯកឧត្តម អ៊ិត សំហេង បានចាត់ទុកថា សិល្បៈគឺជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធិផលដែលជាតិមាន បណ្ដុះបណ្ដាល ហើយសមាគមជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមបញ្ជ្រាបនូវគំនិតនេះទៅដល់កូនខ្មែរជំនាន់ក្រោយ។ ម្យ៉ាងទៀត សេវាកម្មដូរតន្ត្រីក៏មានទីផ្សារការងារខ្ពស់ដែរ ខណៈនៅតាមសណ្ឋាគា ភោជនីយដ្ឋានក៏ត្រូវការសេវា កម្មដូរតន្ត្រី ដែលជាមុខរបរសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិផង។
ដោយឡែក សមាគមអ្នកភ្លេងដែលទើបត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ គឺជាការប្រមូលផ្ដុំធនធានមនុស្សជំនាន់មុន ដែលឆ្លងកាត់ការបណ្ដុះបណ្ដាល និងមានសមត្ថភាពពិតប្រាកដ។
តួនាទីរបស់សមាគម គឺយកធនធានជំនាញដែលខ្លួនបានប្រមូលផ្ដុំទៅបណ្ដុះបណ្ដាលធនធានជំនាន់ក្រោយ ដើម្បីជាការរក្សា និងអភិរក្សជំនាញដូរតន្រ្តីខ្មែរឱ្យនៅគង់វង្សបានយូរតទៅទៀត។
គួរបញ្ជាក់ថា ដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនទាំង១លាន៥សែននាក់នេះ នឹងអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣តទៅ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះគឺមិនតម្រូវឱ្យយុវជនបង់ថ្លៃសិក្សាឡើយ ហើយផ្ទុយមកវិញរដ្ឋនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនជារៀងរាល់ខែថែមទៀត។ ដោយសារតែបែបនេះហើយ ទើបក្រសួងការងារ ត្រូវការដៃគូបន្ថែមដើម្បីត្រៀមសហការផ្ដល់ការបណ្ដុះបណ្ដាលដល់យុវជនក្នុងចំណោម១,៥លាននាក់នោះ។
យ៉ាងណាមិញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ ដែលគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យប្រមាណ១,៥លាននាក់ ដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សាអំពីលទ្ធភាពក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនក្រីក្រទាំងនោះជាប្រចាំខែ បន្ថែមពីការទទួលបានឱកាសសិក្សាដើម្បីបង្កលក្ខណៈងាយស្រួលដល់យុវជនក្រីក្រទាំងនោះឱ្យទទួលបានជោគជ័យផងដែរ៕