Close

ទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ដែលជាប់នៅកោះរ៉ុងបានវិលត្រឡប់មកដល់ដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពទាំងអស់វិញហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ដែលជាប់នៅកោះរ៉ុងបានវិលត្រឡប់មកដល់ដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពទាំងអស់វិញហើយ ទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ដែលជាប់នៅកោះរ៉ុងបានវិលត្រឡប់មកដល់ដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពទាំងអស់វិញហើយ

ក្រុងព្រះសីហនុ : ទេសចរចម្រុះជាតិសាសន៍សរុបចំនួន៧០៨នាក់ដែលបានជាប់នៅតំបន់ទេសចរណ៍ និងកោះមួយចំនួនស្ថិតក្នុងភូមិសាស្ត្រកោះរ៉ុងដោយសារបញ្ហាអាកាសធាតុមានខ្យល់សមុទ្រធំៗមិនអាចធ្វើដំណើរបានតាំងពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះត្រូវបានកម្លាំងជំនាញប្រចាំខេត្តជួយដឹកជញ្ជូនមកដល់ដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាព។

ជាភាពជោគជ័យ នៅត្រឹមរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តរាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាននោះ បានមកដល់ដីគោកក្រុងព្រះសីហនុទាំងអស់វិញហើយ។

ប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង ស្នើនឹង០៦ជើង រហូតដល់រសៀលថ្ងៃដដែល ដោយក្នុងនោះភ្ញៀវទេសចរមានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជាបច្ចុប្បន្ន អាកាសធាតុអំណោយផលជាងមុន ប៉ុន្តែលោកអភិបាលខេត្តព្រះសីហនុក៏បានប្រាប់អាជ្ញាធរត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីការពារហានិភ័យដែលអាចកើតមានឡើងជាយថាហេតុណាមួយ។

ជាមួយគ្នានេះឯកឧត្តមក៏បានប្រាប់ឱ្យមន្ដ្រីនគរបាលជើងទឹកត្រូវជិះអមដំណើរអ្នកទេសចរណ៍ ហើយអ្នកទេសចរនោះទៀតសោត ត្រូវតែពាក់អាវពោងឲ្យបានគ្រប់ៗគ្នា។

គួររំលឹកដែរថា កាលពីថ្ងៃសៅរ៍ទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន បានចេញសារសំឡេងអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរ ផ្អាកធ្វើដំណើរតាមផ្លូវទឹកដើម្បីជៀសវាងជួបគ្រោះថ្នាក់យថាហេតុណាមួយដោយសារបញ្ហាអាកាសធាតុ។

ឯកឧត្តម គួច ចំរើន ក៏បានណែនាំឱ្យអាជ្ញាធរទប់ស្កាត់ពលរដ្ឋ និងអ្នកនេសាទផ្អាកធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្តោះអាសន្នសិន ហើយប្រសិនពួកគាត់បានធ្វើដំណើរទៅតាមកោះ ក៏ត្រូវមានទំនាក់ទំនងមកខាងសហគមន៍ ឬអាជ្ញាធរដើម្បីឱ្យពួកគាត់បានត្រឡប់មកដីគោកវិញ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថារហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សម្ពាធខ្យល់សមុទ្រនឹងមានសន្ទុះខ្លាំង និងមានខ្យល់ព្យុះ ភ្លៀង លាយឡំខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរ សូមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់កោះ អ្នកនេសាទ ក៏ដូចជាទេសចរត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕

អត្ថបទទាក់ទង