Close

ក្រសួងកសិកម្មត្រៀមដាក់ពង្រាយមន្ត្រីនៅតាមឃុំជាង១ពាន់នាក់ សម្រាប់ជួយកសិករនៅទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ក្រសួងកសិកម្មត្រៀមដាក់ពង្រាយមន្ត្រីនៅតាមឃុំជាង១ពាន់នាក់ សម្រាប់ជួយកសិករនៅទូទាំងប្រទេស ក្រសួងកសិកម្មត្រៀមដាក់ពង្រាយមន្ត្រីនៅតាមឃុំជាង១ពាន់នាក់ សម្រាប់ជួយកសិករនៅទូទាំងប្រទេស

កម្ពុជាដែលគេស្គាល់ថាជាប្រទេសកសិកម្ម និងជាប្រទេសដែលមានដីដាំដុះច្រើន ប៉ុន្តែនៅមិនទាន់មាន អ្នកធ្វើការក្នុងវិស័យកសិកម្មឱ្យបានពេញទំហឹងនៅឡើយ ជាពិសេសកសិករដែលអនុវត្តដាំដុះផ្ទាល់ក៏នៅមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់នោះទេ ដែលធ្វើឱ្យទិន្នផលដែលទទួលបានមិនមានស្ដងដារ ហើយទីផ្សារមានកម្រិត។ ដូច្នេះ ដើម្បីវិស័យមួយមានភាពល្អប្រសើរ ក្រសួងកសិកម្មបានរៀបចំផែនការដាក់​ពង្រាយមន្ត្រីកសិកម្ម ដើម្បីចុះតាមមូលដ្ឋានផ្ទាល់ក្នុងការផ្ដល់ជំនួយបច្ចេកទេស ផ្សេងៗដល់កសិករ​តែម្ដង។

ជាក់ស្ដែង មន្ត្រីកសិកម្មទាំង ១៦០០នាក់ នឹងត្រូវចុះបេសកកម្មបម្រើកសិករចំនួន ១,៦ លានគ្រួសារ ឬស្មើនឹង ៧,៥ លាននាក់ នៅគ្រប់ភូមិឃុំទូទាំងប្រទេសចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។

បើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា មន្រ្តីកសិកម្មដែលដាក់ពង្រាយនៅតាមឃុំទូទាំង​ប្រទេសនឹងមានតួនាទីក្នុងការជួយគាំទ្រលើកកម្ពស់ការងារបច្ចេកទេស ទាំងបច្ចេកកសិកម្ម និងបច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ ជាពិសេសការណែនាំពីរបៀបប្រើប្រាស់ទឹកដើម្បីឱ្យសមស្របនឹងប្រភេទ​ដំណាំដែល​កសិករបានដាំដុះ។

បើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មរំពឹងថា គោលនយោបាយពង្រាយ​មន្រ្តីកសិកម្ម​នៅតាមបណ្តាឃុំទាំង ១ ៦០០នាក់ នៅទូទាំងប្រទេសនេះនឹងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងឆ្លើយ​តបនឹង​សេចក្តី​ត្រូវការ​របស់​កសិករ​នៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបញ្ហាបច្ចេកទេស ហិរញ្ញវត្ថុ និងការប្រែប្រួលអាកាសធាតុ​ជាដើម។

គួរបញ្ជាក់ថា គម្រោងសាកល្បងដាក់ពង្រាយមន្ត្រី​កសិកម្ម​តាមឃុំ នាពេលកន្លងមកនេះ ក្រុមការងារមន្រ្តីកសិកម្មឃុំទាំងនោះ បានចុះជួយណែនាំ​ពីគម្រោង​បាននៅគ្រប់១០ឃុំ និងមេភូមិទាំង ៧៤ភូមិនៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅថ្មីៗនេះ៕

អត្ថបទទាក់ទង