សេតវិមានអះអាងថា អ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំង F-16 ក្នុងពេលឆាប់ៗនេះ
បរទេស ៖ ក្នុងពេលដែលបណ្តាសមាជិកអង្គការណាតូបានចាប់ផ្តើមធ្វើការហ្វឹកហាត់ពីឡុតអ៊ុយក្រែនក្នុងការប្រើប្រាស់យន្តហោះចម្បាំងរបស់លោកខាងលិចហើយនោះ ទីប្រឹក្សាជាន់ខ្ពស់នៃកិច្ចការងារសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាក់កាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងគៀវនឹងអាចទទួលបានយន្តហោះចម្បាំង F-16 មួយចំនួនពីសម្ព័ន្ធមិត្តរបស់អាមេរិកជាមិនខានក្នុងពេលឆាប់ៗនេះ។
ថ្លែងនៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ លោក Sullivan បានបន្តទៀតថា ៖ សម្រាប់យន្តហោះចម្បាំង F-16 លោកប្រធានាធិបតីអាមេរិកបានសម្រេចចិត្តរួចរាល់ហើយតាមរយៈការប្រឹក្សាជាមួយនឹងសម្ព័ន្ធមិត្តហើយការចាប់ផ្តើមហ្វឹកហាត់ពីឡុតអ៊ុយក្រែនគឺជារឿងចាំបាច់ដែលត្រូវធ្វើមុនគេ។
លោកបន្តទៀតថា ៖ ការហ្វឹកហាត់ដែលនឹងអាចចំណាយពេលមួយចំនួនហើយបន្ទាប់មកយន្តហោះចម្បាំង F-16 នឹងអាចធ្វើឡើងពីសំណាក់ប្រទេសជាសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់អឺរ៉ុបដែលពួកគេខ្លះមានចំនួនយន្តហោះចម្បាំងប្រភេទនេះច្រើនរួចទៅហើយនៅក្នុងស្តុក។
គួរឲ្យដឹងដែរថា យន្តហោះចម្បាំងប្រភេទនេះត្រូវបានរចនានិងផលិតឡើងដំបូងតាំងតែពីឆ្នាំ១៩៧០ដោយក្រុមហ៊ុន General Dynamics ហើយមកទល់បច្ចុប្បន្នផលិតកម្មរបស់វាត្រូវបានកំណត់ចំនួននិងស្ថិតនៅក្រោមកុងត្រាផលិតដោយក្រុមហ៊ុន Lockheed Martin ។
កន្លងមកនិងព្រមទាំងចុងក្រោយនេះកាលពីខែមុនផង ប្រធានាធិបតី Vladimir Putin បានព្រមានថា រុស្សីនឹងកំទេចយន្តហោះ F-16 ឲ្យខ្ទេចខ្ទីរ ដូចទៅនឹងរថក្រោះលោកខាងលិច ដែលបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ ហើយបាននិយាយថា រុស្ស៊ីនឹងប្រើប្រាស់វិធីគ្រប់យ៉ាងក្នុងវាយប្រហារ លើទីតាំងនានា ទោះនៅខាងក្រៅអ៊ុយក្រែនក្តី ប្រសិនបើរកឃើញថាយន្តហោះទាំងនោះ ឈរជើងនៅទីនោះ៕