គម្រោងថ្មីៗចំនួន ៤ បោះទុនវិនិយោគសរុបជាង ២៦ លានដុល្លារនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៤ បន្ថែមទៀត ដែលមានទុនវិនិយោគសរុប ២៦.៧ លានដុល្លារ និងបង្កើតឱកាសរាប់ពាន់កន្លែងដល់ប្រជាពលរដ្ឋ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “RUNZHIMAO HEALTH CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៨៥កន្លែង។
២- “LITESUN HOMEDECOR CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៥កន្លែង។
៣- “BRIGHT PLASTIC (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្អាតផ្ទះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន
២១៦កន្លែង។
៤-“HEN YANG (CAMBODIA) APPAREL MANUFACTURING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ៣៨១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤១កន្លែង៕