Close

គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោត  ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សានោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោត  ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សានោះទេ គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោត  ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សានោះទេ

ភ្នំពេញ៖ ផ្អែកតាមរបាយការណ៍របស់ គ.ជ.ប និងការតាមដានសកម្មភាពឃោសនារបស់គណបក្សនយោបាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានាឃើញថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហឹង្សានោះទេ ។

ឯកឧត្តម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា គណបក្សនយោបាយមានសកម្មភាពជាអាទិ៍ ការជួបប្រជុំ ជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្រ្តី ការបញ្ចាំងស្លាយវីដេអូ តាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់ចល័តតាមភូមិជាដើម។

ឯកឧត្តមបន្តថា ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ១៨ មានគណបក្សចំនួន ១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដែលក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាមានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។

ឯកឧត្តមបន្ថែមថា លើសពីនេះ ក៏មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់គណបក្សនយោបាយនៅលើបណ្តាញព័ត៌មានសង្គម FACEBOOK ជារៀងរាល់ថ្ងៃផងដែរ។ ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្នុងការសម្របសម្រួលជាមួយគ្រប់គណបក្សនយោបាយ ដោយឈរលើគោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែក ពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានដាក់បញ្ជីបេក្ខជនតាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

លើសពីនេះឯកឧត្តម បានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយបានជូនដំណឹងជាប់លាប់មក គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគេត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែកអាជ្ញាធរមូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើសកម្មភាពឃោសនា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបានជួយសម្រួលចរាចរតាមដងផ្លូវនៅពេលមានការហែក្បួនឃោសនាជាដើម។ ជារួម ផ្អែកតាមរបាយការណ៍ដូចខាងលើ យើងអាចសន្និដ្ឋានបានថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និងរាជធានី បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។

មួយវិញទៀត ឯកឧត្តមថា ក្នុងអំឡុងពេលនៃការឃោសនារកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ១៨ មានឱកាសផ្សព្វផ្សាយដោយស្មើភាពគ្នានូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតតាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំដោយ គ.ជ.ប តាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។

ទោះជាយ៉ាងណា ឯកឧត្តមថា  ពាក់ព័ន្ធនឹង ករណីបណ្តឹងអំពីការឃោសនាបោះឆ្នោត  គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ២ បណ្តឹង ហើយដែលក្នុងនោះមាន៖ ទី១. កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ នៃខេត្តបន្ទាយមានជ័យ។ ករណីនេះ  គណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ បានបើកកិច្ចប្រជុំផ្សះផ្សា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានលទ្ធផល “គូភាគីមិនព្រមសះជាឡើយ”។ ក្រោយពីថ្ងៃផ្សះផ្សាមិនសះជា ភាគីទំនាស់មិនបានដាក់ពាក្យបណ្តឹង បន្តទៅគណៈកម្មការ-រៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យឡើយ ហើយបើគិតមកដល់ពេលនេះ គឺហួសអាជ្ញាយុកាលនៃការប្តឹងទៅហើយ ។ និង ទី២.កើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី នៃរាជធានីភ្នំពេញ ។ ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោត សង្កាត់ភ្នំពេញថ្មី បានធ្វើលិខិត ជូនដំណឹងតាមលិខិតរដ្ឋបាលទៅភាគីដើមបណ្តឹងរួចហើយ ៕

អត្ថបទទាក់ទង