ព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានចេញព្រះរាជក្រម ដោយប្រកាសឱ្យប្រើប្រាស់ច្បាប់ ស្ដីពីវិធានដើមកំណើតទំនិញ ដែលមានចំនួន ៩ ជំពូក ដែលរួមមាន ៣៥មាត្រា។
គោលបំណងរបស់ច្បាប់នេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
សូមបបញ្ជាក់ផងដែរថា សេ ច្បាប់នេះ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ដូចខាងក្រោម៖
– កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
– ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។
– ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
– ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
– ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
– តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
– ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម៕