Close

រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពីការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ដែលជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង ក.អ.ក. និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគំនិតផ្តួចផ្តើមស្តីពីការវិនិយោគបរទេស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងតំបន់មេគង្គ។

ពិធីប្រកាសដ៏អធិកអធមនេះធ្វើឡើងនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង លោក Nicholas Moore បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍នៃរដ្ឋាភិបាលអូស្រ្តាលី មានការអញ្ជើញចូលរួមពី លោក Justin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ។

នាឱកាសនោះ លោក សុខ ចិន្តាសោភា បានថ្លែងនូវការកោតសរសើរជូនចំពោះក្រុមការងាររៀបចំសៀវភៅស្តីពីការវិនិយោគនៅកម្ពុជាដែលបានរួមគ្នាចងក្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានគន្លឹះនានាសម្រាប់ជាពុទ្ធិដល់វិនិយោគិនដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលអូស្ត្រាលីដែលជានិច្ចកាលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ជាក់ស្តែងក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យវិនិយោគ ភាគីទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។

លោកបញ្ជាក់ថា បន្ថែមពីលើឯកសារគតិយុត្តខាងលើ គំនិតផ្តួចផ្តើម និងគម្រោងនានារបស់រដ្ឋាភិបាលអូស្ត្រាលីត្រូវបានដាក់ចេញឱ្យអនុវត្តន៍ជាបន្តបន្ទាប់សំដៅគាំទ្រដល់យុទ្ធនាការជំរុញនិងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាពមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគ ក៏ដូចជាការបង្កើតនូវក្របខ័ណ្ឌច្បាប់និងគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណ ទុកជាមុន និងប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
បើតាម លោក សុខ ចិន្តសោភា ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លើសពីនេះ លោក រដ្ឋមន្ត្រីក៏បានគូសរំលេចអំពីតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែល ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង ក.អ.ក. និងភាគីអូស្ត្រាលី ក្នុងការរួមចំណែកជំរុញការផ្សព្វផ្សាយ និង ពង្រឹងសមត្ថភាពរបស់មន្ត្រីក្នុងការទាក់ទាញវិនិយោគក្នុងវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា។

នាឱកាសនេះផងដែរ លោក Nicholas Moore បានថ្លែងអំណរគុណជូនចំពោះ ក.អ.ក. ដែល តែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងវិស័យឯកជនអូស្ត្រាលី តាមរយៈការសម្របសម្រួល, ផ្តល់ការលើកទឹកចិត្ត និងផ្តល់ការថែទាំលើគម្រោងវិនិយោគនានាដែលបាននិងកំពុងមានអត្ថិភាពលើទឹកដីកម្ពុជា។

ទន្ទឹមនេះ លោក ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងបន្តផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយកប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាពីយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យ វែងឆ្ងាយមួយនេះ។

ក្នុងន័យនេះ លោក ក៏បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនអូស្ត្រាលីមកវិនិយោគនៅកម្ពុជា សំដៅរួមចំណែកដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជាលើវិស័យគន្លឹះនានាទាំងក្រោមរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន៕

អត្ថបទទាក់ទង