ធ្លាប់ធ្វើជាសន្តិសុខនៅស្ថានទូត ឃើញមានកង្វះខាតឯកសារ បុរសម្នាក់កែច្នៃកង់បីទៅជាកន្លែងព្រីន ឯកសារចល័ត
ការរស់ក្នុងទីក្រុងគឺទាមទារឱ្យមានការងារធ្វើដើម្បីរកចំណូលបាន ព្រោះថាគ្រប់ជំហានគឺសុទ្ធតែត្រូវការចំណាយ ខុសពីការរស់នៅតាមខេត្ត តាមទីជនបទដែលមានដីទំនេរច្រើន អាចរស់បានដោយគ្រាន់តែដាំដំណាំជុំវិញផ្ទះ។
ដោយមិនមានឱកាសទទួលបានការសិក្សាគ្រប់គ្រាន់ បុរសម្នាក់បានប្រកបការងារជាអ្នករត់កង់បី (Passapp) នៅពេលរសៀល និងជាបុគ្គលិកផ្នែកសន្តិសុខនៅស្ថានទូតចិនប្រចាំកម្ពុជានាពេលព្រឹក ដើម្បីអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានកូនចំនួន២នាក់នៅក្នុងបន្ទុក។
ដោយឡែក ក្នុងពេលបំពេញការងារជាសន្តិសុខនៅស្ថានទូតចិន លោក ឃួន សុវណ្ណឆៃ តែងតែសង្កេតឃើញថា ពលរដ្ឋទាំងជាជនជាតិខ្មែរ និងចិន តែងមានកង្វះខាតឯកសារនានា ដើម្បីបំពេញបែបបទផ្សេងៗនៅក្នុងស្ថានទូត ហើយគាប់ជួនគ្រាដែលលោកបានឈប់ពីការងារជាសន្តិសុខផងនោះ លោកក៏បានច្នៃកង់បីរបស់ខ្លួនទៅជាកន្លែងព្រីនឯកសារនៅទល់មុខស្ថានទូតចិននោះតែម្ដង។
សម្រាប់ការកែច្នៃនេះទៀតសោត លោកបានយកកៅអីច្នៃសម្រាប់ដាក់ម៉ាស៊ីនព្រីន និងមានសូឡាមួយផ្ទាំងទុកសម្រាប់ដំណើការព្រីន ហើយក៏មានម៉ាស៊ីនភ្លើងតូចមួយផងដែរ សម្រាប់ជាជំនួយបន្ថែមពីលើថាមពលសូឡា។
លោក ឃួន សុវណ្ណឆៃ បានចាប់ផ្ដើមមុខរបរនេះតាំងពីចុងឆ្នាំ២០២០មកម្លេះ ប៉ុន្តែកាលណោះក៏មិនសូវជាកាក់កប ប៉ុន្មានដែរ ដោយសារតែមិនសូវមានអ្នកធ្វើដំណើរ ព្រោះបញ្ហាកូវីដ។ យ៉ាងណាមិញ សម្រាប់ឆ្នាំ២០២២ និង២០២៣នេះ លោកអាចរកបានចំណូលគួរសម ដោយក្នុងមួយថ្ងៃ ជាមធ្យមលោកទទួលបានភ្ញៀវ ១០នាក់។
លោក ឃួន សុវណ្ណឆៃ ៖ «ភ្ញៀវរបស់ខ្ញុំទាំងខ្មែរ និងចិន ភ្ញៀវទាំងនោះភាគច្រើនមានកិច្ចការត្រូវបំពេញនៅក្នុងស្ថានទូត ដោយខ្វះខាតឯកសារ ២-៣សន្លឹងអី គាត់មកព្រីនកន្លែងខ្ញុំ»។
បុរសវ័យ៣៣ឆ្នាំរូបនេះបានរៀបរាប់ទៀតថា មុខរបរព្រីនឯកសារនេះមានភាពប្រសើរជាងរបររត់កង់បី ដោយជូនក៏មានភ្ញៀវ ជូនក៏អត់ ម្យ៉ាងទៀតរដូវកាលនេះជារដូវភ្លៀងធ្លាក់ផង ធ្វើឱ្យកាន់តែមានភាពលំបាកក្នុងការដឹកភ្ញៀវ។ ប៉ុន្តែសម្រាប់របរថតចម្លងឯកសារនេះវិញ គឺមានអ្នកមករកមិនដែលដាច់ទេ ហើយមានតែថ្ងៃខ្លះមានច្រើនលើសពី ១០នាក់ទៀតផង។
គួរបញ្ជាក់ថា បុរសរូបនេះមានស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបើទោះជាមិនមានឱកាសបានរៀនសូត្រខ្ពង់ខ្ពស់ក្ដី ក៏លោកនៅតែតស៊ូព្យាយាមរកចំណូលដើម្បីផ្គត់ផ្គង់កូនទាំងពីរនាក់ឱ្យមានអនាគតល្អប្រសើរ។ លោកបានលើកឡើងថា មិនថាទោះជាមានរឿងអ្វីនោះទេ ឱ្យតែមានគំនិតចង់រក គឺគង់តែមានផ្លូវ សំខាន់បំផុតគឺត្រូវចេះឧស្សាហ៍ព្យាយាម និងសម្លឹងរកចំណុចខ្វះខាតដែលគេត្រូវការ ហើយជាការងារត្រឹមត្រូវ និងអាចរកប្រាក់ចំណូលបាន៕