Close

អូស្រ្តាលីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម  ដើម្បីបង្កើនការនាំចេញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ សង្គម
អូស្រ្តាលីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម  ដើម្បីបង្កើនការនាំចេញ អូស្រ្តាលីគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម  ដើម្បីបង្កើនការនាំចេញ

ប្រទេសអូស្ត្រាលីតាមរយៈអគ្គរាជទូតប្រចាំប្រទេសកម្ពុជា បាននិងកំពុងគាំទ្ររដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម ក្នុងគោលបំណងជួយបង្កើនតម្លៃបន្ថែមលើផលិតផល កសិកម្ម ជាពិសេសបង្កើនការនាំចេញរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អគ្គរាជទូតអូស្ត្រាលីប្រចាំ ប្រទេសកម្ពុជា។

តាមរយៈប្រភពដដែលបានឱ្យដឹងថា សួនកសិ-ឧស្សាហកម្មនេះត្រូវបានគេរំពឹងថានឹងចូលរួម​ចំណែក​ជាទឹកប្រាក់​ចំនួន ៥,១ ពាន់លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ ព្រមទាំងបង្កើតការងារ​ថ្មីរហូតដល់ ១០០ ០០០ កន្លែង ក្នុងនោះជាងពាក់កណ្តាលនៃការងារ​គឺជារបស់ស្ត្រី។

យ៉ាងណាមិញ សួនកសិ-ឧស្សាហកម្មនេះ នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការកែច្នៃ ការស្រាវជ្រាវ និងការអភិវឌ្ឍកសិផល ការកសាងសមត្ថភាព ហើយកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវ​កន្លែងធ្វើការ និងបរិស្ថានប្រកបដោយបរិយាបន្ន សុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី និងបុគ្គលិក​ដែលមានជីវភាពខ្វះខាត។

គួរបញ្ជាក់ថា ការអភិវឌ្ឍសួនកសិ-ឧស្សាហកម្មខាងលើនេះស្ថិតក្រោមជំនួយរបស់គម្រោង CAPRED ដែលគម្រោងនេះផ្តោតលើសសរស្តម្ភចំនួនបីគឺ កសិកម្ម និងកសិ-កែច្នៃ សេវាហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍន៍សហគ្រាស។

កម្មវិធីនេះដែរ នឹងធ្វើការដើម្បីកែលម្អទាំងគោលនយោបាយដែលអាចអនុញ្ញាតបាន និងការលើក​ទឹកចិត្តផ្នែកហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទឹក ថាមពល និងភស្តុភារ ជាពិសេសសម្រាប់សហគ្រាសដែលដឹកនាំដោយស្ត្រី និងក្រុមដែលខ្វះខាត។ ក្រៅពីនេះ CAPRED ក៏មានគម្រោងលើកកម្ពស់វិស័យកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ កសាងវិស័យថាមពលស្អាត​ដែលធន់ទ្រាំ និងធ្វើឱ្យមាននូវការវិនិយោគលើថាមពលបៃតង៕

អត្ថបទទាក់ទង