គ.ជ.ប ចំណាយថវិកាជិត ១០ ម៉ឺនដុល្លារ លើការបញ្ជាទិញទឹកខ្មៅលុបមិនជ្រះសម្រាប់ការបោះឆ្នោតឆ្នាំនេះ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចំណាយថវិកាជិត ១០ ម៉ឺនដុល្លារអាមេរិក លើការបញ្ជាទិញទឹកខ្មៅលុបមិនជ្រះសម្រាប់ការប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរសាស្ត្រនីនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ។
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ថ្លែង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យដឹងថា គ.ជ.ប ចំណាយថវិកាសរុបចំនួន ៩៦៣,៣១០ ដុល្លារ ក្នុងនោះ តម្លៃទឹកខ្មៅ ១ដប ស្មើនឹង ១៧,៦៣ ដុល្លារ នៃចំនួនសរុប ៥២,០០០ដប ដែលគិតជាទឹកប្រាក់ចំនួន ៩១៦,៧៦០ ដុល្លារ និង តម្លៃសេវាដឹកជញ្ជូន និងធានារ៉ាប់រង ៤៦,៥៥០ ដុល្លារ។
បើតាម លោក ប្រាជ្ញ ចន្ទ មុននឹងធ្វើការបញ្ជាផលិតជាផ្លូវការ នៅក្នុងចុងខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ គ.ជ.ប បានស្នើសុំគំរូទឹកខ្មៅលុបមិនជ្រះដើម្បីសាកល្បងគុណភាពជាមុនពីក្រុមហ៊ុន មានចំនួន ៤កម្រិត គឺ ៖ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២៥% កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៨% និង កម្រិតសូលុយស្យុងប្រាក់នីត្រាត ១៥%។
លោកបន្ថែមថា មន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានធ្វើការសាកល្បង គំរូទឹកខ្មៅលុបមិនជ្រះដែលក្រុមហ៊ុនបានផ្តល់ជូនចំនួន ៤កម្រិតនេះឃើញថា ទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% មានគុណភាពល្អ ជាពិសេសភាពដិតខ្មៅជាប់នឹងស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿនក្នុងបរិយាកាស មិនអាចលុបជ្រះភ្លាមៗបានឡើយ ហើយគុណភាពនេះប្រហាក់ប្រហែលនឹងគុណភាពទឹកខ្មៅលុបមិនជ្រះដែល គ.ជ.ប បានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក ដែលអាចធានាបានទាំងគុណភាពប្រើប្រាស់ និងអាចធានាបានទាំងសុខភាពរបស់អ្នកប្រើប្រាស់។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីសាកល្បងគុណភាពរួច នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ.ជ.ប បានធ្វើការបញ្ជាផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ កម្រិតសូលុយស្យុងប្រាក់នីត្រាត ២០% ចំនួនសរុប ៥២,០០០ដប ក្នុង ១ដប ចំណុះ ៧០មីលីលីត្រ ដោយដបនីមួយៗរចនារាងខ្លីជាងមុន និងមានអេប៉ុងខាងក្នុងដប ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការជ្រលក់ម្រាមដៃ។
ក្នុងគោលបំណងត្រួតពិនិត្យឱ្យកាន់តែច្បាស់លាស់ នៅក្នុងខែមេសា ឆ្នាំ២០២៣ នេះ គ.ជ.ប ក៏បានចាត់តាំងមន្ត្រីជំនាញ ទៅចូលរួមសង្កេតមើលខ្សែសង្វាក់នៃការផលិតទឹកខ្មៅនេះ នៅទីតាំងក្រុមហ៊ុនឯប្រទេសឥណ្ឌាផ្ទាល់តែម្តង។ ទឹកខ្មៅលុបមិនជ្រះនេះ មានសុពលភាព ៦ខែ គិតបន្ទាប់ពីការផលិត (កាលបរិច្ឆេទប្រើចុងក្រោយ ខែវិច្ឆិកា ឆ្នាំ២០២៣)។
ទឹកខ្មៅលុបមិនជ្រះនេះ ត្រូវបានបែងចែកតាមគោលដៅប្រើប្រាស់ដូចតទៅ ៖ ទី១-ផ្តល់ជូនក្នុងមួយការិយាល័យបោះឆ្នោតចំនួន ២ដប ទី២-បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨០០ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និង ទី៣-រក្សាទុកនៅ គ.ជ.ប មួយចំនួន។
ផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ទឹកខ្មៅលុបមិនជ្រះដែលអាចមើលឃើញច្បាស់ ត្រូវបានដាក់បញ្ញត្តិឱ្យប្រើក្នុងការបោះឆ្នោត សម្រាប់ បង្ការការបោះឆ្នោតលើសពីមួយដង ពីព្រោះថាគោលការណ៍នៃការបោះឆ្នោតនៅកម្ពុជាគឺដោយ ស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត គឺបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ។
ដូច្នេះមិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមាន ឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត ដែលអាចធានាបានពីគុណភាព និងសុវត្ថិភាពជូនដល់អ្នកបោះឆ្នោត ហើយក៏មានប្រទេសជាង ៣០ នៅលើសកលលោក បានប្រើប្រាស់ទឹកខ្មៅរបស់ក្រុមហ៊ុននេះ ដែលមានដូចជា ឥណ្ឌា(ខ្លួនឯង) កម្ពុជា ម៉ាឡេស៊ី នេប៉ាល់ អាហ្វិកខាងត្បូង ប៉ាគីស្ថាន និងអាហ្កានីស្ថាន…។ល។ ៕