ពាក់កណ្ដាលឆ្នាំ ២០២៣ កម្ពុជារកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រចូលទស្សនា អង្គរ
គិតត្រឹមរយៈពេល៦ខែ នៃឆ្នាំ ២០២៣នេះ កម្ពុជាតាមរយៈគ្រឹះស្ថានអង្គររកចំណូលបានសរុប ១៧,៨៧៧,៤១៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ។ នេះបើតាមការចុះផ្សាយរបស់គ្រឹះស្ថានអង្គរដែលជាស្ថាប័នគ្រប់គ្រងលើសំបុត្រ ឬបណ្ណចូលទស្សនាតំបន់អង្គរ។
ចំណូលដែលរកបាននេះមានការកើនឡើងជាង ៦០០% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។ ចំណូលប្រមាណជាង ១៧លានដុល្លារនេះផងដែរ ជាចំណូលដែលរកបានក្នុងចំណោម ភ្ញៀវទេសចរជិត ៤សែននាក់។
បើតាមទិន្នន័យដដែលបានឱ្យដឹងថា សម្រាប់ខែ មិថុនា កន្លងទៅ ការលក់សំបុត្រដល់ទេសចរបរទេសមានចំនួន ១,៨១១,៥៨៩ដុល្លារ កើនឡើងជាង ២០០%។ សម្រាប់នៅតំបន់ប្រាសាទកោះកេរ ៦ខែលក់សំបុត្របានជាង ៩ម៉ឺនដុល្លារ រីឯការលក់សំបុត្រទូកនៅផែចុងឃ្នៀស ក្រុងសៀមរាប មានចំនួនជិត ៣០ម៉ឺនដុល្លារ។
គួររំលឹកថា កាលពីឆ្នាំ ២០២២កន្លងទៅ កម្ពុជារកចំណូលបានជាង ១១,៥ លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិជាង ២៨ ម៉ឺននាក់ដែលទិញសំបុត្រចូលទស្សនាក្នុងតំបន់អង្គរ។ ចំនួននេះមានការកើន ឡើងច្រើនបើធៀបជាមួយឆ្នាំ ២០២១ ដែលជាឆ្នាំដែលពិភពលោកកំពុងមមាញឹកក្នុងការដោះស្រាយ ជាមួយវិបត្តិកូវីដ១៩។
យ៉ាងណាមិញ គ្រឹះស្ថានអង្គរ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដែលទទួលបានជំនួយបច្ចេកទេសពីក្រសួងទេសចរណ៍ និងជំនួយហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕