Close

រោងចក្រផលិតកង់ឡានក្នុងខេត្តព្រះសីហនុប្រើបច្ចេកវិទ្យា AI ខណៈរដ្ឋបាលខេត្តជំរុញឱ្យមាន​ការ​វិនិយោគ​របៀបនេះឱ្យកាន់តែច្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រោងចក្រផលិតកង់ឡានក្នុងខេត្តព្រះសីហនុប្រើបច្ចេកវិទ្យា AI ខណៈរដ្ឋបាលខេត្តជំរុញឱ្យមាន​ការ​វិនិយោគ​របៀបនេះឱ្យកាន់តែច្រើន រោងចក្រផលិតកង់ឡានក្នុងខេត្តព្រះសីហនុប្រើបច្ចេកវិទ្យា AI ខណៈរដ្ឋបាលខេត្តជំរុញឱ្យមាន​ការ​វិនិយោគ​របៀបនេះឱ្យកាន់តែច្រើន

(ព្រះសីហនុ)៖ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី ជាក្រុមហ៊ុនផលិតសំបកកង់រថយន្ដដ៏ធំមួយ របស់ចិន ដែលបានមកដាក់ទីតាំងវិនិយោគរបស់ខ្លួននៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះដែរ បានចាប់ផ្ដើមសាងសង់រោងចក្ររបស់ខ្លួនកាលពីដើមឆ្នាំ ២០២២កន្លងទៅ ជាមួយនឹងបច្ចេកវិទ្យាផលិតឈានមុខគេ។

ក្រុមហ៊ុននេះដែរបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០,០០០​ម៉ែត្រ​​ការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់​ឡាន​ធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេស​ប្រេស៊ីល និងប្រទេសផ្សេងទៀត។
ដោយឡែកថ្មីៗនេះ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រោងចក្រផលិតសំបកកង់ខាង​លើនេះ ក៏កំពុងប្រើប្រាស់នូវបច្ចេកវិទ្យា AI ឬ ប្រាជ្ញាសិប្បនិមិត្ត ដែលជាបច្ចេកវិទ្យាជឿនលឿនចុង ក្រោយគេ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន របស់ក្រុមហ៊ុន  General Tire នេះគឺដើម្បីសម្រេចបាននូវការផលិតតាមការគ្រោងទុករបស់ក្រុម​ហ៊ុន។

លោក ឡុង ឌីម៉ង់៖ « រោងចក្រនេះ ជារោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ប្រើប្រាជ្ញាសុប្បនិមិត្ត  ជាប្រភេទឧស្សាហកម្មដែលវាសមស្របជាមួយនឹងផែនការមេ នៃគម្រោងអភិវឌ្ឍន៍ខេត្តព្រះ​សីហនុ។»

លោកបន្តថា៖ « ជាក់ស្ដែង ដូចជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ គឺយើងគាំទ្រ និងលើក​ទឹកចិត្ត​ឱ្យមានការវិនិយោគ លើវិស័យឧស្សាហកម្មប្រភេទបច្ចេកវិទ្យាខ្ពស់បែបនេះ វាជាការរួម​ចំណែក​មួយទៀត ជួយដល់ការផ្ទេរបច្ចេកវិទ្យាដល់ពលរដ្ឋខ្មែរផងដែរ។»

បើតាមលោកអភិបាលរងរូបនេះ រោងចក្របាននិងកំពុងខិតខំផលិតសំបកកង់រថយន្ដឱ្យគ្រប់ទៅតាម គម្រោងនៃការបញ្ជាទិញរបស់ទីផ្សារក្រៅស្រុកដូចជា អាមេរិក ប៉ែកអឺរ៉ុប និងប្រទេសប្រេស៊ីលផងដែរ
ដោយគោលដៅគឺគ្រោងនឹងផលិតចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់ធុន ធំចំនួន​៩០ម៉ឺនសំបកក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើត​ការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឲ្យមានកំណើន និងរក្សាបាននូវស្ថេរ​ភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។
ដោយឡែក បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេស​ចំនួន១១​ទីតាំង មាន៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេល​អនាគត​​ដ៏​ខ្លី​ខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មក​វិនិយោគ និងធ្វើពាណិជ្ជ៕

អត្ថបទទាក់ទង