សប្ដាហ៍ចុងខែមិថុនា ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់ កើនឡើងជិត៤%
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ ភ្ញៀវសរុបមានចំនួន ៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៣,៤៦៩នាក់។ នេះបើតាមការចុះ ផ្សាយរបស់ក្រសួងទេសចរណ៍។
ដោយឡែក គោលដៅនៃទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់
ខេត្តបាត់ដំបង ៤២,៤៧៣នាក់ ខេត្តសៀមរាប ៣១,៦៣៤នាក់ រាជធានីភ្នំពេញ ៣១,៤២៤នាក់ ខេត្តកំពត ២៨,៨៥១នាក់ ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និងខេត្តកែប ១២,៣២៦នាក់។
យ៉ាងណាមិញ បើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ដដែល ចំនួនភ្ញៀវទេសចរខាងលើនេះ មានការកើនឡើងប្រមាណ៣.៧៨% បើធៀបនឹងសប្តាហ៍កន្លងមក។
គួរជម្រាបផងដែរថា រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។
ដោយឡែក កាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២៣ មានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជា ហើយឯកឧត្តមមានការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះកម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់៕