Close

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការឃោសនាឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការឃោសនាឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព សម្ដេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមក្នុងយុទ្ធនាការឃោសនាឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់គ្រប់ក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានី ខេត្ត, គណៈកម្មាធិការ នៃគណបក្សគ្រប់ថ្នាក់, បេក្ខជន, មន្ត្រី និងសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនា ឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំង នៃសាមគ្គីភាព។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ និងរំឭកខួបលើកទី ៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខេត្ត, គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់, បេក្ខជន, មន្ត្រី និងសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះ ឲ្យបានសកម្មបំផុត ដើម្បីបង្ហាញពីកម្លាំងនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់គណបក្សយើង ដោយប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ គូសបញ្ជាក់នូវជំហរឥតងាករេ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សទាំងឡាយដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ក៏ដូចជាអង្គការនានានៃសង្គមស៊ីវិល, អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមជ្ឈដ្ឋាន ផ្សេងៗទៀត ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោត ទាំងក្នុងដំណាក់កាលយុទ្ធនាការឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ពិតជានឹងគោរព យ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដើម្បីធានានូវបរិយាកាសនយោបាយដ៏ល្អបំផុត ធ្វើឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

អត្ថបទទាក់ទង