Close

គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មី គឺឈរលើទស្សនវិស័យវែងឆ្ងាយដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មី គឺឈរលើទស្សនវិស័យវែងឆ្ងាយដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មី គឺឈរលើទស្សនវិស័យវែងឆ្ងាយដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

ព្រះវិហារ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មី ត្រូវបានធ្វើឡើងដោយឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករក្នុងដំណើរការដាំដុះ និងស្វែងរកទីផ្សារ ហើយដើម្បីជួយបង្កើនប្រាក់ចំណេញឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងដូច្នេះ កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នាឱកាសជួបសំណេះសំណាលជាមួយតំណាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ នៅស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីរបៀបដាំដុះស្រូវសេរីរាង្គរបស់សហគមន៍ ការចំណាយ និងការបែងចែកប្រាក់ចំណេញពីការលក់ទិន្នផលស្រូវដែលទទួលបានក្នុងមួយរដូវកាល។

តាមរយៈការសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មី អាចបង្កើនប្រាក់ចំណេញដល់ប្រជាសហគមន៍ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយចេរភាព និងសមភាព។

ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ៖«គំនិតផ្តួចផ្តើមបង្កើតសហគមន៍កសិកម្មថ្មីនេះ គឺធ្វើឡើងដោយឈរលើទស្សនវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករក្នុងដំណើរការដាំដុះ និងស្វែងរកទីផ្សារ ហើយដើម្បីជួយបង្កើនប្រាក់ចំណេញឱ្យកាន់តែល្អប្រសើរដល់ប្រជាសហគមន៍ដែលពឹងអាស្រ័យលើមុខរបរកសិកម្ម»។

តាមរយៈការបង្កើតសហគមន៍កសិកម្មថ្មីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួយកៀរគរទុនវិនិយោគ គាំទ្រលើបញ្ហាកង្វះជំនាញបច្ចេកទេស និងបញ្ហាប្រឈមពីបម្រែបម្រួលអាកាសធាតុ រៀបចំពូជតម្រូវតាមទីផ្សារ និងជួយដោះស្រាយបញ្ហាកង្វះទីផ្សារជាដើម ដោយក្នុងជំហានដំបូង ឯកឧត្តមរដ្ឋមន្រ្តី គ្រោងផ្តោតលើដំណាំស្រូវ ស្វាយចន្ទី និងម្រេច។

យ៉ាងណា ឯកឧត្តមបានមានប្រសាសន៍ប្រាប់ទៅតំណាងប្រជាកសិករដែលមកពីសហភាពសហគមន៍ព្រះវិហារមានជ័យថា គម្រោងថ្មីនេះគឺឋិតក្នុងដំណាក់កាលសិក្សា វាយតម្លៃ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ។

គួរបញ្ជាក់ថា សហភាពសហគមន៍ព្រះវិហារមានជ័យ មានសមាជិកចំនួនជិត៣០០គ្រួសារ មកពីសហគមន៍ផ្សេងៗគ្នាក្នុងខេត្តព្រះវិហារ ដែលពួកគាត់ប្រកបមុខរបរដាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដោយមិនប្រើប្រាស់ជី ពោលគឺជាប្រភេទដំណាំសេរីរាង្គ លើផ្ទៃដីសរុបជាង១ពាន់ហិកតា៕

អត្ថបទទាក់ទង