រដ្ឋាភិបាលក្រុងមូស្គូកំពុងទាក់ទងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនអំពីបញ្ហាដំណើរការស្ថានទូត
បរទេស៖ រដ្ឋមន្ត្រីការបទេសនៃប្រទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃពុធម្សិលមិញនេះបានលើកឡើងថា ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានកំពុងបន្តពិភាក្សាជាមួយនឹងភាគីខាងរុស្សីហើយទាំងទៅលើបញ្ហានៃការដំណើរការស្ថានទូតរុស្ស៊ី និងស្ថានទូតអាមេរិក។
ស្ថានទូតនៃប្រទេសទាំងសងខាងត្រូវបានគេមើលឃើញថាបានទទួលសំពាធនិងការថមថយឥទ្ធិពលយ៉ាងខ្លាំងរវាងគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសចាប់តាំងតែពីពេលដែលរុស្សីបានចូលកាន់កាប់តំបន់ Crimea កាលពីឆ្នាំ២០១៤ពីប្រទេសអ៊ុយក្រែន ជាពិសេសចុងក្រោយនេះគឺការចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅដោយប្រតិបត្តិការពិសេសយោធា។
គិតត្រឹមឆ្នាំ២០២៣នេះចំនួននៃមន្ត្រីនិងបុគ្គលិកទូតទាំងអស់របស់អាមេរិកដែលកំពុងប្រចាំការក្នុងប្រទេសរុស្សីមានត្រឹមតែកម្រិតប្រហែលជា១០ភាគរយប៉ុណ្ណោះនៃចំនួនដែលធ្លាប់មានកាលពីឆ្នាំ២០១៧ប្រមាណជា១២០០នាក់ដែលក្នុងនោះពាក់កណ្តាលសុទ្ធតែជាកងទ័ពជើងទឹកនិងសន្តិសុខ។
ទំនាក់ទំនងកាទូតអាមេរិករុស្ស៊ីបានធ្លាក់កាន់តែដុនដាបថែមទៀតក្នុងអំឡុងពេលខាងមិនាកន្លងមកពោលគឺក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូបានចាប់ឃាត់ខ្លួនអ្នកកាសែតជនជាតិអាមេរិកលោក Evan Gershkovichដែលជាអ្នកធ្វើការឲ្យកាសែត The Wall Street Journal ។
ក្រៅតែពីបញ្ហាជាច្រើនទៀតរវាងគ្នាហើយនោះបន្ទុកកាន់តែធ្ងន់និងកំពុងរុញឲ្យភាគីនៅក្នុងជម្លោះនៃសង្គ្រាមត្រជាក់កាលពីច្រើនទសវត្សមុននោះអាចត្រឡប់មកសញ្ញាដូចដើមវិញដោយកាលពីខែកុម្ភៈប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ New Start ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយបំផុតរវាងអាមេរិក និងរុស្ស៊ី៕