Close

រដ្ឋាភិបាលក្រុងគៀវពន្យល់មូលហេតុពីភាពយឺតយ៉ាវនៃប្រតិបត្តិការវាយលុករុស្សី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលក្រុងគៀវពន្យល់មូលហេតុពីភាពយឺតយ៉ាវនៃប្រតិបត្តិការវាយលុករុស្សី រដ្ឋាភិបាលក្រុងគៀវពន្យល់មូលហេតុពីភាពយឺតយ៉ាវនៃប្រតិបត្តិការវាយលុករុស្សី

បរទេស៖ លោកខាងលិចថ្មីៗនេះហាក់បីដូចជាបានសំដែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះប្រតិបត្តិការរបស់កងកម្លាំងយោធារបស់អ៊ុយក្រែន ទោះបីជារដ្ឋាភិបាលក្រុងគៀវបានអះអាងថា ខ្លួនគ្មានបំណងក្នុងការពន្យាពេល ឬធ្វើឲ្យយឺតយ៉ាវនៃបេសកកម្មវាយលុកនៅក្នុងទឹកដីរុស្សី ដូចការប្រកាសយ៉ាងខ្លាំងក្លា កាលពីពេលកន្លងមកនោះទេ។

កាសែត The Politico កាលពីដើមសប្តាហ៍ បានធ្វើការចេញផ្សាយថា មន្ត្រីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន តែងតែមានបំណងចង់ឲ្យមានប្រតិបត្តិការវាយលុកឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែក្នុងនោះខ្លួនបានចង្អុលបង្ហាញចំពោះមូលហេតុសំខាន់មួយចំនួន ដែលបានធ្វើឲ្យប្រតិបត្តិការរបស់យោធាអ៊ុយក្រែន មិនទទួលបានប្រសិទ្ធភាព។

កត្តាទាំងនោះមានដូចជា ភាពខ្លាំងនៃកងកម្លាំងវាយប្រហារតាមអាកាសរបស់រុស្សីផង កត្តាលំបាកប្រយុទ្ធដោយថ្មើរជើងនៅក្នុងចំការមីននៅក្នុងប្រទេសរុស្សី ដែលមានទំហំច្រើនផង ព្រមទាំងបញ្ហាអាកាសធាតុដ៏អាក្រក់ផង ដែលសុទ្ធតែបានធ្វើឲ្យកងកម្លាំងយោធាអ៊ុយក្រែន មិនអាចបំពេញបេសកកម្មក្នុងលទ្ធផលគាប់ប្រសើរឡើយ។

មន្ត្រីជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែន បានលើកឡើងថា៖ ទោះបីជាយ៉ាងណាក្តី ពួកយើងនៅតែបន្តវាយឆ្ពោះទៅមុខនៅតាមតំបន់ផ្សេងទៀតនៅតំបន់ជួរមុខ។ ដំបូងឡើង យើងមិនទាន់អាចធ្វើការពិនិត្យស្ថានភាពនៃកងកម្លាំងកងទ័ពរុស្សីបានមែន ប៉ុន្តែនៅពេលនេះ យើងអាចទទួលបានព័ត៌មានដែលល្អប្រសើរជាងមុន ដែលវានឹងជួយឲ្យកម្លាំងយោធាក្នុងការគូសវាសផែនការជំហ៊ានបន្ទាប់ សម្រាប់ប្រតិបត្តិការវាយលុករបស់យើង។

គួរឲ្យដឹងដែរថា The Politico ក៏បានអះអាងដែរថា ដោយឡែកភាគីដែលជាអ្នកគាំទ្ររបស់រដ្ឋាភិបាលក្រុងគៀវវិញ ដែលមានដូចជាអាមេរិក និងលោកខាងលិចជាដើមនោះ ហាក់ដូចជាមិនសប្បាយចិត្តឡើយ ចំពោះប្រតិបត្តិការវាយលុកដែលមានសភាពយឺតយ៉ាវបែបនេះ និងកំពុងទាមទារឲ្យយោធាអ៊ុយក្រែន ធ្វើយ់ាងណាប្រញាប់រុលទៅមុខ និងដណ្តើមយកទីតាំងសមរភូមិពីរុស្សីឲ្យបានច្រើនជាងមុនតាមដែលអាចធ្វើទៅបាន៕

អត្ថបទទាក់ទង