Close

រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ សង្គម
រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ខេត្តកោះកុង ៖ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា ជាទូទៅព្រៃឈើមានមុខងារ២យ៉ាង ទី១ ជាផលិតផល និងទី២ ជាមុខងារ ក្នុងន័យនេះព្រៃឈើបានផ្តល់អនុផលព្រៃឈើ ឈើសម្រាប់ប្រើប្រាស់ ឱសថជាដើម និងក្រៅពីនេះវានៅមានមុខងារជួយស្រូបទឹកក្នុងដី ជួយទប់ការហូរច្រោះ និងពិសេសការស្រូបឧស្ម័នកាបូនិចពីបរិយាកាស ដែលជួយឱ្យយើងអាច លក់កាបូន បាន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងដូច្នេះ នៅក្នុងពិធីបញ្រ្ជាបចំណេះដឹងបរិស្ថាន ស្តីពីការការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិនៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន នាថ្ងៃចន្ទ ទី ២៦ ខែ មិថុនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកោះកុង។

ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដែលក្នុងនោះ បានថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន។

ឯកឧត្តម បានបន្ថែមថា កម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមនឹងនោះ ក៏បន្តគោលដៅជាតិផ្សេងទៀត សម្រាប់សង្គម និងបរិស្ថានផងដែរ។

ឯកឧត្តម ជួប ប៉ារីស៍ បានសង្កត់ធ្ងន់ថា អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពី ការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេស ដែលបានខិតខំការពារព្រៃឈើបានល្អប្រសើរ ដើម្បីទទួលបានថវិកា តាមរយៈការលក់ ឥណទានកាបូន។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងដែរថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាកំពុងបន្តកិច្ចព្រមព្រៀងលក់ឥណទានកាបូន បន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ។

រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់។ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានកម្មវិធីរេដបូកជាតិ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាពីការលក់ឥណទានកាបូន ក្នុងគម្រោងចំនួនពីរ នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តខេត្តកោះកុង។

ឯកឧត្តម បានបញ្ជាក់ថា មុននឹងទទួលបានឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

លោក ហ៊ុន ម៉ារឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង រេដបូកជាយន្តការមួយបានជួយផ្តល់ ជាមូលនិធិសាកល ដើម្បីគាំទ្រការអភិរក្សព្រៃឈើ ក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តកោះកុងបានល្អប្រសើរ។ ក្រៅពីនេះក៏បានជួយដល់ការអភិវឌ្ឍដោយចីរភាព សម្រាប់សហគមន៍មូលដ្ឋាន ដូចជាផ្តល់ធុងទឹក ប្រព័ន្ធទឹកស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា កម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថានស្តីពីការប្រែប្រួលអកាសធាតុនិងកម្មវិធីរេដបូកជាតិនៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន រៀបចំឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រសួងបរិស្ថាន សម្របសម្រួលដោយ មន្ទីរបរិស្ថានខេត្តកោះកុង និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងមានអ្នកសារព័ត៌មានទាំង២០ស្ថាប័ន (មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក)។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអ្នសម្របបសម្រួលកម្មវិធី បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថាន បានរៀបចំឡើង ជាពិសេសជាមួយអ្នកសារព័ត៌មាន ដើម្បីពង្រឹងសមត្ថភាព ក្នុងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ចូលរួមកាន់តែប្រសើរ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការធានានិរន្តរភាពជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ អ្នកសារព័ត៌មាន ទទួលបានចំណេះដឹងបរិស្ថាន តាមរយៈការចែករំលែកពីថ្នាក់ដឹកនាំ និងអ្នកជំនាញរបស់ក្រសួងបរិស្ថាន ទាក់ទងនឹងការពង្រឹងបាន នូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការអនុវត្តកម្មវិធីនិងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍៕

អត្ថបទទាក់ទង