ចង់ផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋក្នុងការទុកដាក់សំរាម យុវជនមួយរូបបង្កើតជាក្រុមចុះប្រមូលសំរាមចេញពីលូក្នុងក្រុង
យោងតាមគោលនយោបាយស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនឆ្នាំ ២០២០-២០២៣បានឱ្យដឹងថា ជាមធ្យមក្នុងមនុស្សម្នាក់បង្កើតសំរាមប្រហែល ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃសម្រាប់រាជធានី / ក្រុង ស្រុក ដែលមានមានការអភិវឌ្ឍខ្លាំង។ រីឯតំបន់ដែលមានការអភិវឌ្ឍមធ្យមមានចំនួនពី ០,៥០គីឡូក្រាម ទៅ ០,៨០ គីឡូក្រាមក្នុងមួយថ្ងៃ។
ទន្ទឹមនឹងការកើនឡើងយ៉ាងគំហុកនៃសំណល់រឹងទាំងនេះ រដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធបាន ចេញសកម្មភាពលើកទឹកចិត្តឱ្យមានការកែច្នៃសំណល់ទាំងនោះសម្រាប់ប្រើប្រាស់ឡើងវិញ ប៉ុន្តែការកែច្នៃគឺនៅមានក្នុងកម្រិតតិចតួចនៅឡើយ ដោយក្នុងចំណោមបរិមាណសំរាម ៦០%-៧០% ដែលត្រូវបានប្រមូលទៅចាក់ចោលនៅទីលាន មានសំរាមប្រមាណជា ២០%ប៉ុណ្ណោះ ដែលបានដកហូតមកប្រើប្រាស់។
បើនិយាយពីឥរិយាបថរបស់ប្រជាជនកម្ពុជាក្នុងការទុកដាក់សំរាម ឃើញថាមានភាពប្រសើរឡើងខ្លះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប៉ុន្តែក៏នៅតែត្រូវការការអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឱ្យ ពលរដ្ឋយល់ដឹងកាន់តែច្រើនជាងនេះ។
នៅតាមប្រឡាយ តាមប្រព័ន្ធលូនានាក្នុងរាជធានីភ្នំពេញ ជារឿយៗតែងតែមានការកកស្ទះ ជាពិសេសពេលមានភ្លៀងធ្លាក់ ដែលនាំឱ្យមានទឹកលិចតាមផ្លូវធ្វើដំណើរ ឬដល់ផ្ទះមួយចំនួនដែល សង់ទាបៗ។
ដោយឃើញបញ្ហានេះ និងដោយខ្លួនជាអ្នកស្រឡាញ់បរិស្ថានស្រាប់ផង យុវជនម្នាក់បានចាប់ផ្ដើម សកម្មភាពចុះប្រមូល កាយសំរាមចេញពីមាត់លូ ចេញពីក្នុងប្រឡាយនានា ដើម្បីកាត់បន្ថយការស្ទះលំហូរទឹក ជាពិសេសដើម្បីលើកស្ទួយសោភណ្ឌភាពទីក្រុង។
ដើម្បីការងារប្រមូលសំរាមកាន់តែលឿនជាងមុន យុវជន ហែម សុភេម ដែលជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេស បានប្រមែប្រមូលគ្នីគ្នាឱ្យចូលរួម។ រហូតដល់ឆ្នាំ ២០២២ យុវជន ហែម សុភេម បានបង្កើតជាក្រុមមួយឡើង ដោយដាក់ឈ្មោះថា «ក្រុមនិស្សិតផ្លាស្ទីក»។
បើតាមនិស្សិតរូបនេះ រហូតដល់ដល់បច្ចុប្បន្ន ខ្លួនទទួលបានការចូលរួមពីនិស្សិតផ្សេងៗទៀត ប្រមាណជា ៦០០នាក់ ហើយដែលពួកគេតែងផ្លាស់ប្ដូរគ្នាក្នុងការចុះប្រមូលសំរាមតាមលទ្ធភាព រៀងៗខ្លួន។
ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមនិស្សិតប្លាស្ទីកបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន តាមរយៈការបង្ហោះវីដេអូប្រមូលសំរាមនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
យុវជន ហែម សុភេម៖ « មនុស្សដែលមើលយើងរាប់លាននាក់នៅលើបណ្ដាញសង្គម ហើយខ្ញុំជឿថាពួកគាត់នឹងចាប់ផ្ដើមខ្វាយខ្វល់ពីបញ្ហាសំរាមនេះដែរ ខ្ញុំយល់ថាការអប់រំក្នុងការទុកដាក់សំរាម វាមិនសូវមានប្រសិទ្ធភាពទេ ដូច្នេះទើបយើងផ្សព្វផ្សាយជាវីដេអូលើបណ្ដាញសង្គមវិញ។»
កន្លងទៅនេះ ក្រុមនិស្សិតប្លាស្ទិកបានប្រមូលសំរាមជាច្រើនកន្លែងមកហើយនៅក្នុងរាជធានីភ្នំពេញទាំងលើគោក និងក្នុងលូទឹកស្ទុយដូចជានៅសាលាខ្លួនផ្ទាល់ តំបន់មាត់ទន្លេបឹងសាឡាងស្ទឹងមានជ័យបឹងទំពុននិងលូនៅទួលសង្កែជាដើម។
យុវជន ហែម សុភេម បានរៀបរាប់ឱ្យដឹងថា៖ «សកម្មភាពរើសសំរាមនេះតែងតែធ្វើឡើងនៅថ្ងៃចុង សប្ដាហ៍ ជាពេលដែលពួកយើងទំនេរពីការសិក្សារៀងខ្លួន អីចឹងទៅមានការចូលរួមគួរសមដែរ។»
យុវជនរូបនេះបានឱ្យដឹងទៀតថា ការប្រមូលសំរាមចេញពីលូទឹកស្អុយនេះមិនងាយស្រួលទេ វាទាមទារឆន្ទៈ និងការលះបង់ខ្ពស់ ទើបអាចសម្រេចការងារបាន។
ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី និស្សិតរូបនេះបានបង្ហាញការសប្បាយចិត្តដោយឃើញមានការចូលរួម ពីប្រជាពលរដ្ឋ អាជីវករ ក្មេងៗនៅក្នុងតំបន់ដែលខ្លួនទៅរើស ហើយតិចឬច្រើន ពួកគេក៏រអៀសចិត្ត ក្នុងការចោលសំរាមផងដែរ។
បើតាមយុវជនរូបនេះ មកទល់បច្ចុប្បន្ន មិនទាន់មានអង្គការឬស្ថាប័នណាមួយគាំទ្រនៅឡើយទេពោលគឺតាំងពីការចាប់ផ្ដើមមកគឺចាប់ផ្ដើមចំណាយលើសម្ភារៈដោយខ្លួនឯង ប៉ុន្តែក៏បានទទួលការឧបត្ថម្ភពីសប្បុរសជននានាតាមរយៈបណ្ដាញសង្គមជួយនារយៈពេលថ្មីៗនេះ ហើយថវិកាទាំងនោះដែរត្រូវបានរក្សាទុកដើម្បីបន្តសកម្មភាពនេះតទៅមុខទៀត។
យុវជនរូបនេះបន្តថា កត្តាដែលអាចកែប្រែឥរិយាបថពលរដ្ឋដែលតែងតែចោលសំរាមបានគឺមាន តែផ្ដើមចេញពីបុគ្គលខ្លួនឯងប៉ុណ្ណោះ។ ត្រង់ចំណុចនេះ និស្សិតវ័យ ២៣ឆ្នាំរូបនេះ បានសំណូមពរ ឱ្យពលរដ្ឋចាត់ទុកប្រឡាយ និងទីសាធារណៈឱ្យដូចផ្ទះរបស់ខ្លួន និងចូលរួមថែរក្សាទាំងអស់គ្នា ដើម្បីសុខមាលភាពផ្ទាល់ខ្លួនផង និងដើម្បីសោភណ្ឌភាពទីក្រុងផង៕