ទីលានដាក់សំរាមតម្លៃជាង ៤លានដុល្លារក្នុងខេត្តកំពង់ធំ បានសម្ពោធបើកឱ្យប្រើប្រាស់ ដើម្បីគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាប
កំពង់ធំ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទីលានទុកដាក់សំរាម ខេត្តកំពង់ធំជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិការបន្ត។
បើតាមការចេញផ្សាយរបស់ក្រសួងសាធារណៈការ ទីលានដាក់សំរាមនេះ ស្ថិតក្រោមគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ដោយប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក។ គម្រោងនេះដែរ បានចាប់ផ្តើមការសាងសង់នៅថ្ងៃទី ០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២ ដោយសាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា និងស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យ៉ាងណាមិញ ទីលានទុកដាក់សំរាមត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅរបស់ប្រជាជននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំមានបរិស្ថានស្រស់ស្អាត។
ក្រៅតែពីសមិទ្ធផលថ្មីជាទីលានទុកដាក់សំរាមនេះទៅ ឯកឧត្តមរដ្ឋមន្ត្រីក៏ បានលើកឡើងអំពីសមិទ្ធផលធំៗផ្សេងទៀត ដែលក្រសួងបានអនុវត្ត កំពុងអនុវត្ត និងគ្រោងអនុវត្តផងដែរ។
ក្នុងនោះ ឯកឧត្តមបានរំលេចជាពិសេសអំពីគម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះ មកកាន់កំពង់ធំ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនា។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឆ្លងកាត់កំពង់ធំ ដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ គម្រោងសិក្សាផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញ និងបន្តទៅកាន់ក្រុងបាវិត និងភ្ជាប់ជាមួយផ្លូវដែកប្រទេសវៀតណាម។ គម្រោងកំពង់ផែ និងមណ្ឌលភស្តុភារកម្ម កំពង់ឆ្នាំង និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបបានអនុម័តលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ឧសភា កន្លងទៅ។
គួរបញ្ជាក់ថា រណ្តៅទុកដាក់សំរាមនៅក្នុងខេត្តកំពង់ធំនេះមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។ តាមផែនការរណ្តៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ម៉ែត្រ គីតពីមាត់រណ្តៅ ដែលអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨នាក់ នៅក្នុង ជុំវិញទីរួមខេត្តកំពង់ធំ៕