Close

ប្រធានាធិបតីស៊ែប៊ី ៖ មហាអំណាចបរទេសបានចូលរួមពាក់ព័ន្ធនឹងការប៉ុនប៉ង់រដ្ឋប្រហារនៅរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីស៊ែប៊ី ៖ មហាអំណាចបរទេសបានចូលរួមពាក់ព័ន្ធនឹងការប៉ុនប៉ង់រដ្ឋប្រហារនៅរុស្ស៊ី ប្រធានាធិបតីស៊ែប៊ី ៖ មហាអំណាចបរទេសបានចូលរួមពាក់ព័ន្ធនឹងការប៉ុនប៉ង់រដ្ឋប្រហារនៅរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic បានធ្វើការអះអាងថា ព្រឹត្តិការណ៍បះបោរដោយយោធាដែលទទួលរងបរាជ័យនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍កន្លងមកនេះគឺមានការចូលរួមពាក់ព័ន្ធយ៉ាងសំខាន់ពីសំណាក់នៃបណ្តាទីភ្នាក់ងារសំងាត់របស់ប្រទេសមហាអំណាចមួយចំនួន។

ថ្លែងនៅក្នុងបទសំភាសន៍ជាមួយនឹងក្រុមអ្នកយកព័ត៌មានក្នុងស្រុក Pink TV កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Vucic បានលើកឡើងដែរថា រដ្ឋាភិបាលទីក្រុង Belgrade របស់លោកមិនគាំទ្រដាច់ខាតចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងរូបភាពបែបនេះ។

លោកបន្តពន្យល់ថា ៖ “អ្វីដែលយើងមិនគាំទ្រនោះគឺយើងនឹងមិនធ្វើជាអ្នកជ្រៀតជ្រែកការងារផ្ទៃក្នុងនៅក្នុងប្រទេសតួគីឬប្រទេសរុស្ស៊ី ឬសូម្បីតែអាមេរិកនោះទេ ហើយរដ្ឋាភិបាលនានាគួរតែត្រូវបានប្តូរតាមរយៈការបោះឆ្នោតនិងបំណងរបស់ប្រជាពលរដ្ឋរបស់គេប៉ុណ្ណោះ។ ខ្ញុំមិនចង់បញ្ចាក់ចំៗថារដ្ឋាភិបាលណាដែលមានការពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៅរុស្ស៊ីទេ ប៉ុន្តែវាមិនមានអ្វីដែលគួរឲ្យលាក់បាននោះដែរថាពួកគេជាអ្នកណា”។

មេដឹកនាំស៊ែប៊ីដដែលរូបនេះបានថ្លែងដែរថា កងកម្លាំងរបស់រដ្ឋាភិបាលបរទេសទាំងនោះមានក្តីរំពឹងទុកខ្ពស់ណាស់ចំពោះការបះបោរលើកនេះ ប៉ុន្តែជាលទ្ធផលវាកើតឡើងមិនបានមួយថ្ងៃផង។

លោក Vucic ក៏បានលើកសរសើរយ៉ាងខ្លាំងផងដែរចំពោះការគ្រប់គ្រងស្ថានភាពរបស់លោកប្រធានាធិបតី Vladimir Putin ចំពោះបញ្ហានេះបានយ៉ាងមានប្រសិទ្ធភាពបំផុត។

រំលឹកដែរថា ក្រុមទាហានស៊ីឈ្នួល Wagner ក្រោមការរៀបចំផែនការដោយស្ថាបនិកលោក Evgeny​ Prigozhin បានបើកប្រតិបត្តិការបះបោរដ៏គួរឲ្យភ្ញាក់ផ្អើលដណ្តើមយកទីតាំងមូលដ្ឋានទ័ពសំខាន់របស់រុស្ស៊ីក្នុងទីក្រុង Rostov-on-Don ហើយព្រមទាំងបន្តមានផែនការឆ្ពោះទៅទីក្រុងមូស្គូដើម្បីដណ្តើមអំណាចរបស់លោកប្រធានាធីបតីរុស្សី Vladimir Putin ផង ប៉ុន្តែមិនបានមួយថ្ងៃការប៉ុនប៉ងនេះត្រូវបានបញ្ចប់ទៅវិញដោយមានការចូលរួមបញ្ចុះបញ្ចូលដោយប្រធានាធិបតីបេឡារូសជាមួយនឹងលោក Prigozhin៕

អត្ថបទទាក់ទង