Close

ក្រោយព្រឹត្តិការណ៍បះបោរស្ងប់ស្ងាត់រុស្ស៊ីចេញមកបញ្ជាក់ពីកិច្ចព្រមព្រៀងជាមួយនឹងក្រុមទាហានស៊ីឈ្នួល Wagner

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ក្រោយព្រឹត្តិការណ៍បះបោរស្ងប់ស្ងាត់រុស្ស៊ីចេញមកបញ្ជាក់ពីកិច្ចព្រមព្រៀងជាមួយនឹងក្រុមទាហានស៊ីឈ្នួល Wagner ក្រោយព្រឹត្តិការណ៍បះបោរស្ងប់ស្ងាត់រុស្ស៊ីចេញមកបញ្ជាក់ពីកិច្ចព្រមព្រៀងជាមួយនឹងក្រុមទាហានស៊ីឈ្នួល Wagner

បរទេស ៖ ព្រឹត្តិការណ៍បះបោរដោយប្រដាប់អាវុធចេញពីផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ីរវាងក្រុមទាហានស៊ីឈ្នួល Wagner ដឹកនាំដោយមហាសេដ្ឋី Evgeny Prigozhin ជាមួយនឹងកងកម្លាំងយោធារបស់រដ្ឋាភិបាលរុស្ស៊ីបានបញ្ចប់ទៅមិនដល់មួយថ្ងៃផងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

ក្រោយបញ្ចប់ទៅនៃព្រឹត្តិការណ៍មួយចម្អិនកំពឹសរួចមក វិមានក្រមឡាំងតាមរយៈអ្នកនាំពាក្យគឺលោក Dmitry Peskov បានចេញមកធ្វើការថ្លែងការណ៍ពន្យល់ថារុស្ស៊ី និងក្រុម Wagner បានឈានទៅដល់ការព្រមព្រៀងគ្នាមួយចំនួនដែលក្នុងនោះមានទាំងការទំលាក់ចោលនូវការកាត់ទោសបទឧក្រិដ្ឋកម្មរបស់ស្ថាបនិកលោក Evgeny Prigozhin ផង និងការអនុញ្ញាតឲ្យលោកអាចនិរទេសខ្លួនចាកចេញពីប្រទេសរុស្ស៊ីដោយសុវត្ថិភាពផង។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា លោក Prigozhin ដែលជាមហាសេដ្ឋីរស់នៅក្នុងទីក្រុង Saint Petersburg នោះនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសបេឡារូស ហើយក្រុមប្រយុទ្ធទាំងអស់របស់ Wagner នឹងមិនត្រូវបានកាត់ទោសនោះឡើយ ពោលក៏ដោយសារតែគុណសម្បត្តិរបស់ពួកគេកន្លងមកក្នុងការប្រយុទ្ធជាមួយនឹងកងកម្លាំងយោធាអ៊ុយក្រែននៅតំបន់សមរភូមិជួរមុខ។

ក្នុងនោះដែរ វិមានក្រមឡាំងបានប្រកាសទទួលយកក្រុមប្រយុទ្ធរបស់ Wagner ទាំងឡាយណាដែលបានបដិសេធមិនព្រមចូលរួមជាមួយនឹងប្រតិបត្តិការបះបោររបស់លោក Prigozhin ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះឲ្យចូលរួមជាមួយនឹងកងកម្លាំងរដ្ឋាភិបាលទៀតផង។

រំលឹកដែរថា ក្រុមទាហានស៊ីឈ្នួល Wagner ក្រោមការរៀបចំផែនការដោយស្ថាបនិកលោក Prigozhin បានបើកប្រតិបត្តិការបះបោរដ៏គួរឲ្យភ្ញាក់ផ្អើលដណ្តើមយកទីតាំងមូលដ្ឋានទ័ពសំខាន់របស់រុស្ស៊ីក្នុងទីក្រុង Rostov-on-Don ហើយព្រមទាំងបន្តមានផែនការឆ្ពោះទៅទីក្រុងមូស្គូដើម្បីដណ្តើមអំណាចរបស់លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin ផងដែរ។

ទោះបីជាយ៉ាងណាក្តី មិនដល់មួយថ្ងៃផងបេសកកម្មបះបោរត្រូវបានបញ្ចប់ទៅវិញដោយសារតែមានការចូលរួមបញ្ចុះបញ្ចូលដោយលោកប្រធានាធិបតីបេឡារូស Alexander Lukashenko ហើយជាលទ្ធផលមេដឹកនាំក្រុម Wagner រូបនេះបានសម្រេចចិត្តបោះបង់ផែនការ និងព្រមដកខ្លួនចេញពីក្រុមហ៊ុនទាហានស៊ីឈ្នួលដែលលោកបានបង្កើតនេះផងដែរ៕

អត្ថបទទាក់ទង