ខេត្តស្វាយរៀងទាក់ទាញគម្រោងថ្មីចំនួន ២ ដែលប្រកាសបោះទុនប្រមាណ ២០ លានដុល្លារ និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ
ស្វាយរៀង ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន ២ ដែលនឹងបោះទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិកនៅខេត្តស្វាយរៀង និងបង្កើតការងារ ១,៥០០ កន្លែងជូនប្រជាពលរដ្ឋ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០ កន្លែង។
២- “TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន ១០ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០ កន្លែង។
ខេត្តស្វាយរៀង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ បានក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញប្រកបដោយសក្ដានុពល ដោយមានអ្នកវិនិយោគមកបណ្ដាក់ទុនកើនឡើងជាបន្ដបន្ទាប់ រហូតដល់បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរជាច្រើន ដែលបានបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ និងបានចូលរមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង ។
សម្រាប់វិស័យវិនិយោគឯកជនៈ បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ ៨ កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ចពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ តំបន់សេដ្ឋកិច្ចពិសេសហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ចពិសេសអ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍។
នៅទូទាំងខេត្តមានរោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថាន សរុប ២៣៥ កន្លែង បានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន ៨០,១៦២ នាក់ ស្រី ៤៨,៨២៩ នាក់ រួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកទៅរក ការងារធ្វើនៅក្រៅខេត្ត និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត៕