យន្តហោះទម្លាក់គ្រាប់បែកល្បីបំផុតរបស់អាមេរិក B-52 ចុះចតនៅទឹកដីឥណ្ឌូនេស៊ីជាលើកដំបូង
បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress bombers នៃកងកម្លាំងទ័ពអាកាសអាមេរិកបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីជាលើកដំបូង និងគួរឲ្យភ្ញាក់ផ្អើលបំផុត។
ទោះបីជាព័ត៌មានលំអិតនៃការមកដល់របស់យន្តដែលមានបទពិសោធធ្វើសង្គ្រាមជាច្រើនមួយនេះមិនមានច្រើនក្តី ប៉ុន្តែគេជឿជាក់ថាវាបានកើតឡើងនៅក្រោយពេលដែលសហរដ្ឋអាមេរិកបានបង្ហាញនូវក្តីបារម្ភចំពោះបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាជម្លោះដែលអាចកើតឡើងនៅក្នុងតំបន់ និងការពាក់ព័ន្ធជាមួយនឹងប្រទេសចិន។
ប្រភពជាច្រើនបានអះអាងថា B-52 បានចុះចតមកដល់អាកាសយានដ្ឋានអន្តរជាតិ Kualanamu ស្ថិតនៅភាគខាងជើងកោះស៊ូម៉ាត្រាក្រោយបានហោះហើរចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Anderson Air Force ដែលស្ថិតនៅលើកោះ Guam ហើយក្នុងនោះមានការទទួលស្វាគមន៍ដោយយន្តហោះចម្បាំង F-16 នៃកងកម្លាំងរបស់ឥណ្ឌូនេស៊ីចំនួន 3 គ្រឿងផងដែរ។
គួរឲ្យដឹងដែរថា B-52 ត្រូវបានដាក់ឲ្យប្រតិបត្តិការជាលើកដំបូងក្នុងប្រវត្តិសាស្ត្រតាំងតែពីទសវត្សរ៍ឆ្នាំ១៩៥០មកម្ល៉េះ ហើយមកទល់បច្ចុប្បន្នវាស្ថិតនៅតែជាយន្តហោះដ៏សំខាន់នៃកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅឡើយ ហើយរំពឹងទុកថានឹងបន្តបម្រើជាតិរហូតដល់ឆ្នាំ២០៥០។
ទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ B-52 នឹងត្រូវដាក់ឲ្យធ្វើការអភិវឌ្ឍនិងបំពាក់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដូចជាការផ្លាស់ប្តូរម៉ាស៊ីនយន្តហោះប្រភេទ F130 turbofan ដែលផលិតឡើងដោយក្រុមហ៊ុន Rolls Royceជាដើម៕