រុស្ស៊ី ព្រមានណាតូធ្ងន់ៗក្រោយបញ្ជូននុយក្លេអ៊ែរទៅដល់បេឡារូស
បរទេស ៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ីបានអះអាងហើយថាកញ្ចប់ដំបូងនៃអាវុធនុយក្លេអ៊ែរប្រភេទតាកតិកបានបញ្ជូនទៅដល់ប្រទេសបេឡារូសដោយប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ច្បាស់ៗថានឹងប្រើប្រាស់អាវុធទាំងនេះក្នុងករណីដែលដែនដីរបស់រុស្ស៊ីរងការគំរាមកំហែងណាមួយ។
នៅក្រោយសេចក្តីប្រកាសនេះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានចេញមកធ្វើការថ្លែងព្រមានធ្ងន់ៗបន្ថែមទៀតថាវាគឺជាភាពគ្រោះថ្នាក់ដ៏អាក្រក់មួយដែលមិនអាចរំពឹងទុកបានប្រសិនបើអង្គការណាតូនៅតែបន្តពាក់ព័ន្ធកាន់តែជ្រៅនៅក្នុងជម្លោះនៅអ៊ុយក្រែនជាពិសេសប្រសិនបើសមាជិករបស់ខ្លួនទាំងឡាយនៅតែបន្តធ្វើការផ្គត់ផ្គង់សព្វាវុធម្តងហើយម្តងទៀតទៅឲ្យកងកម្លាំងយោធាអ៊ុយក្រែន។
ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចអន្តរជាតិមួយដែលធ្វើឡើងនៅក្នុងទីក្រុង St.Petersburg លោក Putin បានពោលបែបនេះថា៖អ្វីដែលយើងកំពុងនិយាយ និងពិភាក្សានៅពេលនេះ គឺអង្គការណាតូ និងសកម្មភាពដែលពួកគេកំពុងចូលរួមពាក់ព័ន្ធកាន់តែជ្រៅនៅក្នុងជម្លោះ។
លោកបន្តថា ៖ ការផ្គត់ផ្គង់អាវុធកាន់តែច្រើនឡើងពីសំណាក់សមាជិកណាតូទៅឲ្យអ៊ុយក្រែន លើសពីនេះពួកគេថែមទាំងកំពុងបង្ហាញបំណងចង់ផ្គត់ផ្គង់យន្តហោះចម្បាំងបន្ថែមទៀតឲ្យអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់អំពីផលប៉ះពាល់ធ្ងន់ធ្ងរ និងអាក្រក់បំផុតមួយប្រសិនបើណាតូនៅតែព្យាយាមបន្តធ្វើកិច្ចការងារនេះ ហើយអះអាងថា រុស្ស៊ី នឹងប្រាកដជាប្រើប្រាស់នុយក្លេអ៊ែរទាំងនោះដើម្បីធានាដល់សន្តិសុខរបស់ខ្លួន ខណៈដែលរុស្ស៊ីបច្ចុប្បន្នមានចំនួននុយក្លេអ៊ែរច្រើនជាងនុយក្លេអ៊ែរនៃបណ្តាសមាជិកអង្គការណាតូទាំងអស់ផង៕