Close

សម្តេចក្រឡាហោម ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចក្រឡាហោម ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ សម្តេចក្រឡាហោម ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដើម្បីពិនិត្យអំពីចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨ ផងដែរ។

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នេះ ត្រូវបានឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយក្រោមដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលដៅពិនិត្យអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងបទពិសោធ ដើម្បីមានមូលដ្ឋានដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨។

សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចបន្ថែមថា ក្រសួងមហាផ្ទៃ ក៏បានបង្កើតក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំងណែនាំដល់ថ្នាក់ក្រោមជាតិ ក្នុងការជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពបានប្រើប្រាស់។

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានធ្វើសេចក្តីរាយការសង្ខេបស្តីពីលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា។ ការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិកត្រូនិចនេះ

ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។

របាយការណ៍បានឱ្យដឹងដែរថាការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួន ៩២៩.៨១៦ ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាពក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប ១.៧២៧.០៩៤ នាក់ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន ៧៩៧.២៧៩ នាក់។

ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកឡើងបន្តថា ចំពោះករណីសេសសល់មិនទាន់បានផ្តល់ជូននេះ គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាក់ស្រុកពីខេត្តមួយទៅខេត្តមួយ ឬចំណាក់ស្រុកទៅក្រៅប្រទេស មិនអាចត្រលប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តសម្រេចបានលទ្ធផល និងវឌ្ឍនភាពយ៉ាងល្អប្រសើរ៕

អត្ថបទទាក់ទង