សហគមន៍កសិកម្មគំរូ៖ យើងត្រូវរៀបកម្លាំងសាមគ្គីផ្ទៃក្នុងឱ្យមុំាសិន គេនឹងចូលមកជួយដោយយើង មិនបានសុំ
ជាការពិត ការបង្កើតជាសហគមន៍កសិកម្មមួយអាចថាជារឿងងាយស្រួល ប៉ុន្តែការរក្សាសហគមន៍ ឱ្យមាននិរន្ដរភាព និងមានភាពជោគជ័យទើបជារឿងដ៏លំបាកមួយ។ បញ្ហាដែលតែងតែកើតមាន ឡើងនៅក្នុងសហគមន៍គឺភាពមិនចុះសម្រុងគ្នារវាងសមាជិក ពោលគឺមិនមានការសាមគ្គីគ្នាល្អ។
សហគមន៍កសិកម្មគំរូមួយស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បានឱ្យដឹងពីភាពជោគជ័យរបស់ខ្លួនក្នុងការ រក្សាសហគមន៍ឱ្យគង់វង្ស ក៏ដូចជាជួយលើកស្ទួយជីវភាពសមាជិកឱ្យកាន់តែប្រសើរឡើងជាលំដាប់។ បង្កើតឡើងតាំងពីឆ្នាំ ២០១៦ សហគមន៍បានរីកលូតលាស់ជាលំដាប់រហូតដល់មានសមាជិកប្រមាណ ជាង ៧០០គ្រួសារនាពេលបច្ចុប្បន្ន។
អ្នកស្រី រិទ្ធិ ចន្ថា ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម ស្ថិតនៅ ក្នុងស្រុកលលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាសហគមន៍ភាគច្រើនដាំដុះបន្លែប្រភេទស្លឹក និងដំណាំហូបផ្លែជាច្រើនប្រភេទទៀត។ ក្រៅពីនោះក៏មានផងដែរ នូវការចិញ្ចឹមមាន់ ភ្ញាស់កូន មាន់ លក់ពងមាន់ ពងទារ។
បើតាមការរៀបរាប់របស់អ្នកស្រី បានឱ្យដឹងថា៖ «ប្រជាជនភាគច្រើនដាំដំណាំ ចិញ្ចឹមសត្វ ហើយ៥%ទៀតគាត់ជាកម្មករ កម្មការិនីរោងចក្រ ៥%ជាអាជីវករលក់ដូរ ៧៥%ជាអ្នកធ្វើការងារកសិកម្ម។ អ្វីដែលជាការលំបាក គឺការធ្វើឱ្យមានភាពប្រសើរក្នុងគ្រួសាររបស់គាត់ ដោយសារតែពីមុនយើងធ្វើជាលក្ខណៈតូចតាច តែពេលនេះយើងធ្វើធំ…យើងគិតថាពិបាកក៏បានជាយុទ្ធសាស្ត្ររបស់យើងក៏បាន ដោយសារតែឥឡូវកាន់តែធំ យើងកាន់តែងាយគ្រប់គ្រងវិញ យើងធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងឃុំ។»
អ្នកស្រីបន្តទៀតថា៖ « សហគមន៍មិនដែលមានចំណូលចូលសហគមន៍ច្រើនទេ គឺចំណូលសំខាន់ពីកសិករ យើងធ្វើការផ្ដោតលើកសិករច្រើន តែគោលបំណងរបស់យើងគឺជួយកសិករក្នុងតំបន់របស់យើងឱ្យក្លាយជាកសិករដែលមានចំណូលជាមធ្យម ៥ពាន់ដុល្លារក្នុងឆ្នាំ។»
យ៉ាងណាមិញ ដើម្បីឱ្យសហគមន៍កសិកម្មមួយអាចដើរបានជោគជ័យ អ្នកស្រីបានលើកឡើងនូវចំណុច សំខាន់ៗមួយចំនួនដូចជា៖ ទី១ គឺការគ្រប់គ្រង ទី២ គឺការលះបង់ពេលវេលា និងឆន្ទៈដើម្បីធ្វើការរួមគ្នា ទី៣ គឺផែនការគ្រប់គ្រងសហគមន៍ និងចុងក្រោយគឺការមានបុគ្គលិកធ្វើការជាប្រចាំ មានការទំនាក់ទំនងល្អជាមួយសមាជិក ក៏ដូចជាអាជ្ញាធរ។ ត្រង់ចំណុចចុងក្រោយនេះ អ្នកស្រីបានសង្កត់ធ្ងន់ថា ប្រសិនបើយើងមានទំនាក់ទំនងល្អហើយ អាជ្ញាធរគេនឹងចាំតែជួយយើងទេ។
អ្នកស្រីក៏បានលើកឡើងនូវករណីមួយចំនួនដែល សហគមន៍ភាគច្រើនគាត់រង់ចាំតែម្ចាស់ជំនួយជួយ ៖ «សូមឱ្យសហគមន៍ទាំងអស់ប្ដូរផ្នត់គំនិតពីការចង់ឱ្យគេជួយ មកជួយខ្លួនឯងវិញ នៅពេលយើងជួយខ្លួន ឯងបានកាន់តែល្អ គេនឹងចង់ចូលមកជួយយើង ជាឥទ្ធិពលសម្រាប់យើង។ រៀបកម្លាំងសាមគ្គីខាងក្នុងឱ្យមុំា ខាងក្រៅនឹងចូលមកដោយមិនបាច់យើងទៅសុំទេ»៕