Close

គម្រោងថ្មីៗចំនួន 2 បានប្រកាសបោះទុនវិនិយោគជាង 45 លានដុល្លារនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គម្រោងថ្មីៗចំនួន 2 បានប្រកាសបោះទុនវិនិយោគជាង 45 លានដុល្លារនៅកម្ពុជា គម្រោងថ្មីៗចំនួន 2 បានប្រកាសបោះទុនវិនិយោគជាង 45 លានដុល្លារនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន 2 គម្រោងដែលបានបោះទុនវិនិយោគជាង 45 លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

1-“AROMA SUCCESS GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 36,6 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,158 កន្លែង។

2-“QI HENG XIN FACTORY CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 21 ដីឡូតិ៍លេខ 2787 តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 8,8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 2,930 កន្លែង។

ការទាក់ទាញវិនិយោគថ្មីៗនៅកម្ពុជាត្រូវបានគេមើលឃើញថាមានការគាំទ្រពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ការបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការអនុម័តច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនាពេលដ៏ឆាប់ខាងមុខ, ការធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀង, ការរក្សាប្រាក់ឈ្នួលគោលអប្បបរមា ស្ថិតក្នុងកម្រិតសមរម្យ, ការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍, ការសាងសង់ផ្លូវល្បឿនលឿន, និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ជាដើម ដែលនឹងចូលរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ និងភាពទាក់ទាញវិនិយោគរបស់កម្ពុជាសម្រាប់ឆ្នាំ 2023 និងឆ្នាំខាងមុខៗទៀត។

គម្រោងវិនិយោគដែលបានចុះបញ្ជីនៅកម្ពុជា នៅតែមានភាពល្អប្រសើរ គឺជាសញ្ញាមួយបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានដំណើរការល្អប្រសើរឡើងវិញ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់គ្រងកូវីដ-19 បានជោគជ័យ។
ផ្នែកឧស្សាហកម្មដេលមានការកើនឡើង គឺជាចំណុចមួយសំខាន់ ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ច មានភាពរឹងមាំ ល្អប្រសើរ ដែលមានធ្វើឲ្យការវិនិយោគ មានភាពរឹងមាំ ក្នុងឧស្សាហកម្មផ្សេងៗ មិនថា ធុនតូច មធ្យម ឬក៏ធុនធំ ឃើញថា ចាប់ផ្ដើមដំណើរការជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា។

កំណើន នៅក្នុងផ្នែកវិស័យឧស្សាហកម្ម គឺដោយសារតែកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ ក៏ដូចជាអាសិប ជាពិសេសភាព អនុគ្រោះពន្ធ EBA និង GSP រវាងសហគមន៍អឺរ៉ុប និងអាមេរិក នៅតែបន្ដបាន ដូច្នេះការកើនឡើងផ្នែកវិស័យឧស្សាហកម្ម គឺជារឿងមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង