លោក Biden ៖ លោកខាងលិចបានធ្វើអ្វីៗគ្រប់យ៉ាងអស់ហើយសម្រាប់អ៊ុយក្រែន
បរទេស ៖ បន្ទាប់ពីបានពិភាក្សាគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នៅឯសេតវិមានរួចរាល់ លោកប្រធានាធិបតីអាមេរិក Joe Biden បានអះអាងថា មកដល់ពេលនេះទាំងរដ្ឋាភិបាលវ៉ាស៊ិនតោន និងក្រុមសម្ព័ន្ធមិត្តបានខិតខំអស់ពីលទ្ធភាពហើយក្នុងការផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាពិសេសការវាយលុកចុងក្រោយបំណងវាយឲ្យបរាជ័យកម្លាំងការពារជាតិរុស្ស៊ី។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងពេលធ្វើថ្លែងការណ៍រួមក្រោយកិច្ចប្រជុំ លោក Biden បានបញ្ជាក់បែបនេះថា ៖ ពួកយើងបានធ្វើអ្វីៗគ្រប់យ៉ាងហើយទាំងការចូលរួមគ្នា ទាំងលទ្ធភាពផ្ទាល់ខ្លួនហើយបើទោះបីជាផែនការវាយលុករុស្ស៊ីបរាជ័យក្តី ប៉ុន្តែវាគឺជាសញ្ញាវិវត្តទៅដែលពួកយើងនៅតែមានភាពសុទិដ្ឋិនិយមនៅឡើយទេ។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Biden ត្រូវបានធ្វើឡើងនៅក្នុងពេលដែលមានរបាយការណ៍ជាច្រើនបានអះអាងអំពីបរាជ័យរបស់អ៊ុយក្រែនដែលក្នុងនោះកងកម្លាំងយោធាអ៊ុយក្រែនបានបាត់បង់ជីវិតយោធា និងសព្វាវុធយ៉ាងច្រើនក្នុងប្រតិបត្តិការចុងក្រោយមួយដើម្បីវាយលុកទ្រង់ទ្រាយធំចូលដែនការពាររបស់រុស្ស៊ីតាំងតែពីថ្ងៃអាទិត្យ។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថាកងកម្លាំងយោធាអ៊ុយក្រែនដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ចុងក្រោយនេះមានរហូតទៅដល់ ៣៧០០នាក់រថក្រោះ៥២គ្រឿងព្រមទាំងរថយន្តយោធារាប់រយគ្រឿងផ្សេងទៀតក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ក្តីរុស្ស៊ីបានបញ្ជាក់ដែរថា យោធារបស់ខ្លួនដែលបាត់បង់ជីវិតក៏មានចំនួនប្រមាណជា៧១នាក់ផងដែរ។
ឆ្លើយតបទៅនឹងសំណួរពីក្រុមអ្នកកាសែតថាតើអាមេរិកនឹងនៅតែបន្តគាំទ្របន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះ លោក Biden បានឆ្លើយតបថា រដ្ឋាភិបាលក្រុងវ់ាស៊ិនតោននឹងធ្វើការផ្គត់ផ្គង់មិនឈប់ឈរឡើយទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវនាពេលខាងមុខទៀតនោះ។
គិតចាប់តាំងតែពីប្រតិបត្តិការពិសេសដោយយោធារុស្ស៊ីលើប្រទេសអ៊ុយក្រែនខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាប្រមាណជា១១៣ពាន់លានដុល្លារមកហើយសម្រាប់ប្រទេសអ៊ុយក្រែន ហើយណាតូដែលដឹកនាំដោយអាមេរិកនឹងធ្វើសេចក្តីសម្រេចថ្មីមួយទៀតនៅក្នុងកិច្ចប្រជុំទីក្រុង Vilnius នាខែកក្កដាខាងមុខនេះចំពោះអ៊ុយក្រែន៕