សហគមន៍កសិកម្មមួយនៅខេត្តបាត់ដំបង ចង់ពង្រឹងការដាំដុះឡើងវិញដើម្បីកាត់បន្ថយចំណាកស្រុក
ស្ថិតក្នុងភូមិក្រាំងតូច ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រជាសហគមន៍ប្រមាណជា ១៥០គ្រួសារ បាននិងកំពុងប្រកបរបរធ្វើកសិកម្មដែលរួមមានទាំងស្រែ និងចំការ។ ដំណាំដែលសំ ខាន់ៗសម្រាប់សហគមន៍មួយនេះគឺ ស្រូវ ដំឡូងមី ពោត និងស្វាយកែវរមៀត។
សហគមន៍មួយនេះបានចងក្រងឡើងកាលពីឆ្នាំ ២០១២ ក្នុងគោលបំណងបង្កើតជាបណ្ដាញប្រមូល ផ្ដុំមួយសម្រាប់ប្រជាកសិករ ក្នុងការរកទីផ្សារលក់ដើម្បីបង្កើនជីវភាពពួកគេ។ មុនពេលនៃការរីករាល ដាលជំងឺកូវីដ១៩ សហគមន៍បានដំណើរការដោយរលូន ដោយមានការចូលរួមច្រើនពីប្រជាជនផ្ទាល់ ក៏ដូចជាមន្ទីរខេត្តជាដើម។
ប៉ុន្តែបន្ទាប់ពីជំងឺកូវីដរីករាលដាល បណ្ដាញសហគមន៍ក៏បានចុះថយ ដោយកសិករភាគច្រើនផ្ដោតតែ ទៅលើការធ្វើកសិកម្មជាលក្ខណៈគ្រួសាររៀងៗខ្លួនវិញ។ នេះបើតាមការរៀបរាប់របស់លោក ហ៊ុន ហេង ប្រធានសហគមន៍កសិកម្មឆ្នាលមាន់សាមគ្គីរុងរឿង។
សម្រាប់លោក លោកចង់ពង្រឹងការដាំដុះជាបណ្ដាញសហគមន៍ឡើងវិញ ដែលអាចជួយគ្នាទៅវិញ ទៅមក ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក។ លោកបានរៀបរាប់ឱ្យដឹងដែរថា មុនកូវីដ១៩ សហគមន៍បានចូលហ៊ុនគ្នារកស៊ីដូចជាទិញជីកសិកម្មមកលក់ជាដើម ប៉ុន្តែដោយមានបញ្ហាគ្រួសារ ខ្លះមិនមានប្រាក់សម្រាប់បង្វិលចូលសហគមន៍វិញ ធ្វើឲ្យដំណើរការលក់ដូរគាំង។
បើទោះជាយ៉ាងនេះក្ដី ក៏លោកមិនចង់បោះបង់គម្រោងនេះដែរ ពោលគឺលោកចង់ស្ដារគម្រោងនេះ ឱ្យដំណើរការឡើងវិញ ដោយក្រៅពីរបរធ្វើកសិកម្មទៅ ការចូលទុនគ្នាលក់ដូរបែបនេះបានជួយរក ចំណូលដល់ពួកគេមួយផ្នែកផងដែរ។
លោក ហ៊ុន ហេង៖ «ខ្ញុំគិតដែរថាចង់ ប្រមូលគ្នាត្រឹម ១៥ ទៅ២០គ្រួសារ រកគ្រួសារណាដែល គាត់អាចមានលទ្ធភាពទៅបាន ហើយយើងចាប់ផ្ដើមម្ដងទៀត ហើយធ្វើវាឱ្យគ្រាន់បើជាងមុន។»
សម្រាប់ទីផ្សារវិញ ប្រធានសហគមន៍រូបនេះបានឱ្យដឹងថា ភាគច្រើនគឺដល់ខែធ្វើចំការ ឬខែប្រមូលផល ស្រូវ នឹងមានឈ្មួញចូលមកទិញដល់ក្នុងភូមិ ដូច្នេះហើយការលក់របស់កសិករក្នុងសហគមន៍មិនសូវជា មានបញ្ហាប្រឈមទេ។
ប៉ុន្តែបញ្ហាទិន្នផលរបស់ប្រជាកសិករទើបជារឿងដែលពុំត្រូវបានមើលរំលង ព្រោះបើសិនជាមិនទទួលបានផលច្រើន ចំណាកស្រុកក៏នឹងកើនឡើងដូចគ្នា។
លោក ហ៊ុន ហេង៖ «នៅបាត់ដំបងយើងនេះ នៅក្បែរប្រទេសថៃស្រាប់ អីចឹងភាគច្រើនតែធ្វើ ស្រែចំការអត់បាន គេធ្វើចំណាកស្រុកហើយ…ខ្លះក៏ទៅថៃ ខ្លះក៏ទៅភ្នំពេញ អីចឹងហើយបានជាខ្ញុំចេះតែរកនឹកធ្វើរបរអ្វីផ្សេងបន្ថែមទៀត។»
កន្លងមកធ្លាប់មានមន្ទីរកសិកម្មខេត្តចុះបង្រៀនអំពីបច្ចេកទេសមួយចំនួនផងដែរ ហើយជាលទ្ធផលក៏ មានគ្រួសារមួយចំនួនបានពង្រីកផ្ទៃដីកសិកម្មផងដែរ។ ប៉ុន្តែយ៉ាងណា លោកក៏សំណូមពរចង់ឱ្យមាន ជំនួយជាហិរញ្ញវត្ថុដើម្បីពង្រឹងបណ្ដាញរបស់សហគមន៍ ក៏ដូចជាពង្រីកការដាំដុះក្នុងសហគមន៍ទាំងមូល បន្ថែមទៀត៕