Close

ចំណេះដឹងកសិកម្ម៖ ការលាយល្បាយដីសម្រាប់រោយលើដំណាំ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ចំណេះដឹងកសិកម្ម៖ ការលាយល្បាយដីសម្រាប់រោយលើដំណាំ ចំណេះដឹងកសិកម្ម៖ ការលាយល្បាយដីសម្រាប់រោយលើដំណាំ

ក្នុងការដាំដំណាំ ដើម្បីឲ្យទទួលផលបានច្រើន និងចំណេញច្រើន កសិករគួរចេះរកវិធីក្នុងការ​កាត់បន្ថយថ្លៃដើម។ ថ្លៃដើមមួយ ដែលដើតួនាទីយ៉ាងចាំបាច់សម្រាប់កសិករគឺជីគីមី ដោយកន្លងមកកសិករភាគច្រើននិយមប្រើប្រាស់តែជីគីមីនាំចូលដែលមានតម្លៃខ្ពស់។

ដូច្នេះប្រសិនបើចង់ចំណេញច្រើន ប្រជាកសិកអាចសិក្សា ក៏ដូចជាអនុវត្តនូវបច្ចេកទេសលាយជី កំប៉ុស្តិ៍ងាយៗដោយខ្លួនឯង។ ម្យ៉ាងទៀត បើសិនជាការដាំដុះនោះធ្វើឡើងជាលក្ខណៈគ្រួសារ កសិករនឹងអាចទទួលបានដំណាំសុវត្ថិភាពសម្រាប់បរិភោគទៀតផង។

ការលាយល្បាយដី ជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀត ដែលកសិករអាចជ្រើសរើសសម្រាប់ បង្កបង្កើនផល។ ខាងក្រោមនេះជាវិធីលាយល្បាយដីដែលកសិករអាចអនុវត្តលើការដាំដុះបាន៖

គ្រឿងផ្សំសំខាន់ៗសម្រាប់លាយល្បាយដីនេះរួមមាន ដីខ្មៅ (ដីស្រទាប់លើ ដែលស្ថិតនៅក្រោមម្លប់​ឈើធំៗ) ជីកំប៉ុស្តិ៍ ធ្យូងអង្គាម និងស្រកីដូងម៉ដ្ឋ។ រីឯវិធីធ្វើមានដូចជា៖ យកដីខ្មៅ ដែលជា​ប្រភេទដីផុសទៅរែង ចម្រាញ់យកតែដីដែលម៉ដ្ឋល្អប្រមាណជា ៤០% ទៅលាយបញ្ចូលគ្នាជាមួយ ជីកំប៉ុស្តិ៍ប្រហែល ២០% ធ្យូងអង្កាមប្រហែល ២០% និងស្រកីដូងម៉ដ្ឋពី ២០ទៅ ៣០%។ នេះបើតាមការរៀបរាប់របស់លោក នី ប៊ុនថា កសិករដាំដុះផ្ទាល់ និងជាអ្នកចែករំលែកបច្ចេកទេស ដាំដុះតាមបណ្ដាញសង្គម។

លោក នី ប៊ុនថា បានបន្តថា កសិករអាចប្រើប្រាស់ប៉ែលសម្រាប់ចូកល្បាយទាំង៤ប្រភេទនេះឱ្យ​ចូលគ្នាសព្វល្អ ២ ទៅ ៣ត្រឡប់។ រីឯដីដែលដុំៗ ដែលសល់ពីការរែងនោះ កសិករក៏អាចប្រើ ដើម្បីទ្រាប់ផើងផ្កា ឬដំណាំតូចៗផងដែរ ព្រោះប្រភេទដីនេះមានជីវជាតិស្រាប់។

បើតាមការរៀបរាប់របស់លោក នី ប៊ុនថា គេអាចយកល្បាយដីដែលលាយរួចទៅដាក់គ្របពីលើ គល់ដំណាំ ដូចជាដំាណាំប្រភេទស្លឹក ដំណាំប៉េងបោះ ស្ពៃ ម្ទេសជាដើម។ ហើយល្បាយដីនេះ ផងដែរមានលទ្ធភាពអាចធ្វើឱ្យដីនោះធូរល្អ ពេលដែលដាំដំណាំទៅចាប់ឬសបានល្អ ហើយមិន​ហាប់ណែន ងាយស្រួលច្រោះទឹក ពោលគឺជួយឲ្យដំណាំដុះ និងលូតលាស់បានល្អ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលស្លឹកដំណាំមានពណ៍លឿង គេក៏អាចដាក់ល្បាយដីនេះគ្រប បន្ថែមពីលើគល់ដំណាំនោះ ហើយរយៈពេល៣ ទៅ៤ខែក្រោយមក ដំណាំនឹងប្រែពណ៍ទៅជា បៃតងវិញ។

ជាចុងក្រោយ ក្នុងនាមលោកជាកសិករដែលដាំដុះដំណាំចម្រុះជាលក្ខណៈគ្រួសារដែរនោះ លោកបានផ្ដល់ជាដំបូន្មានដល់កសិករទូទៅឱ្យយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ជាជាងការទិញជីគីមីគេស្រាប់ៗមកប្រើប្រាស់៕

អត្ថបទទាក់ទង