Close

កម្ពុជា-រៀតណាមបន្តជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៣-២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-រៀតណាមបន្តជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៣-២០២៤ កម្ពុជា-រៀតណាមបន្តជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៣-២០២៤

ភ្នំពេញ ៖ កម្ពុជា និងរៀតណាមបានចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម” សម្រាប់ឆ្នាំ២០២៣-២០២៤ ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍មុន បានអញ្ជើញចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤” ជាមួយ ឯកឧត្តម ង្វៀន ហុងហ្សៀន (NGUYEN HONG DIEN) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងជាតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ។

ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាចលករមួយដ៏សំខាន់ក្នុងការជំរុញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ ដោយឈរលើមូលដ្ឋានភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តួចផ្តើមឱ្យមានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី គឺធ្វើឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំនៃប្រទេសយើងទាំងពីរ តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម សំដៅរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ តំណាងក្រសួងយើងទាំងពីរបានចុះហត្ថលេខាលើឯកសារនេះចំនួន ០៧លើក រួចមកហើយ និងបានឯកភាពបន្តសុពលភាព ចំនួន ០១លើក លើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ តាមផ្លូវការទូត។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនាថ្ងៃនេះ គឺជាការចូលរួមអនុវត្តនូវស្មារតី នៃកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិទ្វេភាគីដ៏ល្អប្រសើរ ជាពិសេសកិច្ចខិតខំបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច សំដៅជំរុញវិនិយោគ និងបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែទ្បើងខ្ពស់បន្តទៀត ស្របតាមអាណត្តិនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងជាប្រពៃណី និងគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ ជាពិសេសការផ្តួចផ្តើមឱ្យមានសេចក្ដីថ្លែងការណ៍រួមកម្ពុជា-វៀតណាម រវាងព្រះរាជាណាចក្រកម្ពុជានិងវៀតណាម ក្នុងការរៀបចំគោលនយោបាយអនុគ្រោះលើពន្ធគយសម្រាប់ទំនិញដែលមានដើមកំណើតនៅប្រទេសរៀងៗខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តីរៀតណាម ក៏បានលើកទ្បើងផងដែរថា កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០២៣-២០២៤ ដែលបានចុះហត្ថលេខានាពេលនេះ គឺជាឯកសារដ៏សំខាន់សម្រាប់ធុរជន និងអ្នកនាំចេញនាំចូល ហើយថែមទាំងនឹងជួយជំរុញការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរ បន្ថែមលើការព្រៀមព្រៀងគ្នាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការជំរុញនិងលើកស្ទួយប្រទេសជាតិ ទោះបីជាពិភពលោកបានរងផលប៉ះពាល់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីរៀតណាម បានបញ្ជាក់ពីសារៈសំខាន់នៃការចុះហត្ថលេខានិងការអនុវត្តនៃកិច្ចសម្របសម្រួលនេះក្នុងការបន្តជំរុញទំហំពាណិជ្ជកម្មឱ្យកាន់តែកើនទ្បើងបន្ថែមទៀត ជាពិសេស ទំនិញកសិកម្មនិងទំនិញឧស្សាហកម្ម។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ ដោយបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នឹងដើរទន្ទឹមគ្នាយ៉ាងសកម្មក្នុងការផ្សព្វផ្សាយដល់ផលិតករ អ្នកនាំចេញនាំចូល និងក្រុមហ៊ុនធុរកិច្ច សំដៅជំរុញការអនុវត្តនិងទាញប្រយោជន៍ជាអតិបរមាពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះ៕

អត្ថបទទាក់ទង