Close

គណ:កម្មការទី៤ នៃរដ្ឋសភា និងក្រសួងមហាផ្ទៃបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គណ:កម្មការទី៤ នៃរដ្ឋសភា និងក្រសួងមហាផ្ទៃបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គណ:កម្មការទី៤ នៃរដ្ឋសភា និងក្រសួងមហាផ្ទៃបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ ៖ គណ:កម្មការទី៤ នៃរដ្ឋសភា និងក្រសួងមហាផ្ទៃបានជួបប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការអនុម័តនាពេលខាងមុខនេះ។

នៅវិមានរដ្ឋសភា កាលពីសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ គណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណ: នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា បានជួបប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសហការី។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះនោះទេគឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរស់នៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករទុកជាមុនរួចជាស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋានការចុះបញ្ជីអត្តសញ្ញាណបុគ្គលការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាននិងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។ មិនតែប៉ុណ្ណោះខ្លឹមសារ និងពាក្យពេចន៍ ព្រមទាំងទស្សនទាននៃសេចក្ដីព្រាងច្បាប់នេះរៀបចំដោយមានភាពស៊ីសង្វាក់ និងឆ្លើយឆ្លងគ្នាជាមួយច្បាប់ផ្សេងៗ ដូចជាក្រមរដ្ឋប្បវេណី ច្បាប់ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គលច្បាប់ស្ដីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្ដឹងជាដើម។

សម្តេចមានប្រសាសន៍បន្ថែមថា សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ហើយជាចុងក្រោយត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន១២ជំពូក និង១៨២មាត្រា។

បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចមក ឯកឧត្តម កែប ជុតិមា ក៏ដូចជា ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការជំនាញនានា សូមកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ដែលធ្វើឱ្យការអនុវត្តការងាររបស់ក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងចុះអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋដោយអនុលោមតាមអនុក្រឹត្យនិងសេចក្តីណែនាំផ្សេងៗពាក់ព័ន្ធការងារចុះអត្រានុកូលដ្ឋាន បើទោះបីមិនទាន់មានច្បាប់ក៏ដោយ។

ជួសមុខគណៈកម្មការរដ្ឋសភា និងក្នុងនាមឯកឧត្តមផ្ទាល់ បានគាំទ្រទៅលើសេចក្ដីព្រាងច្បាប់នេះទាំងស្រុង ដោយពុំមានការកែប្រែ។ គណៈកម្មការទី៤នឹងធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការអនុម័តនាពេលខាងមុខនេះ៕

អត្ថបទទាក់ទង