Close

មិនធ្វើចំណាកស្រុក បុរសម្នាក់ប្រឹងប្រែងកែច្នៃអង្រឹងឫស្សីចិញ្ចឹមគ្រួសារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ សង្គម
មិនធ្វើចំណាកស្រុក បុរសម្នាក់ប្រឹងប្រែងកែច្នៃអង្រឹងឫស្សីចិញ្ចឹមគ្រួសារ មិនធ្វើចំណាកស្រុក បុរសម្នាក់ប្រឹងប្រែងកែច្នៃអង្រឹងឫស្សីចិញ្ចឹមគ្រួសារ

សៀមរាប ៖ ស្ថិតនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បុរសម្នាក់បានព្យាយាមចាប់យកជំនាញកែច្នៃឫស្សីជាមុខ​​​របរ​​ចិញ្ចឹមគ្រួសារ បើទោះជាមុខរបរមួយនេះហាក់មិនសូវកាក់កបដោយសារតែមិនសូវមានអ្នកស្គាល់ពីផលិតផលអង្រឹងរបស់លោក។

ចាប់ផ្ដើមតាំងពីឆ្នាំ ២០០៣ លោក ឈិញ ស្រឹប ផ្ដោតតែលើការច្នៃឫស្សីប៉ុណ្ណោះ ដោយលោកបានសម្គាល់ឃើញមានឫស្សីច្រើនដែលដុះនៅក្នុងតំបន់លោករស់នៅ ប៉ុន្តែបែរជាត្រូវប្រជាពលរដ្ឋក្នុងស្រុកកាប់ចោលដោយយល់ថាមិនមានប្រយោជន៍។

ដើមកំណើតនៃរបរនេះពីដំបូង គឺលោកកែច្នៃទៅជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ហើយទីផ្សារធំរបស់លោកកាលណោះគឺភ្ញៀវទេសចរ ដែលភាគច្រើនជាភ្ញៀវអន្តរជាតិ។ ដោយសារតែ ការពឹងផ្អែកលើទីផ្សារអន្តរជាតិមិនសូវជាទៀងទាត់សម្រាប់របរមួយនេះ លោក ឈិញ ស្រឹប ក៏ប្ដូរទៅកែច្នៃជាគ្រែឫស្សី និងសាឡុងឫស្សីវិញ។

លោក ឈិញ ស្រឹប បញ្ជាក់ថា ៖ «ពេលនេះខ្ញុំធ្វើតែអង្រឹងតែ១មុខនេះទេ មិនមានការងារផ្សេងៗទេ ដោយត្រូវចិញ្ចឹមកូន​៣នាក់។ ពីមុនមក ខ្ញុំដើរតែដកដំឡូង ស៊ីឈ្នួលគេ តែក៏គិតថាបើបន្តធ្វើអីចឹងមិនបានយូរទេ ព្រោះតិចទៀតទៅកម្លាំងយើងថយ យើងធ្វើលែងបានទៀត ទើបខ្ញុំចាប់យកការកែច្នៃនេះទៅ។»

លោកបន្តថា របររបស់លោកសព្វថ្ងៃប្រៀបដូចជាការផ្សងព្រេង ដែលចេះតែផលិត ហើយរង់ចាំអ្នកទិញ។ ប៉ុន្តែជារឿងល្អមួយដែរ ដោយរយៈពេលចុងក្រោយថ្មីៗនេះ មុខរបររបស់លោកមានការចាប់អារម្មណ៍ច្រើនពីអតិថិ​ជន។

លោក ឈិញ ស្រឹប ៖ «ឥឡូវនេះ លក់ដាច់គ្រាន់បើដោយសារមានបងប្អូនយើងស្គាល់ គាត់ចេះតែប្រាប់តៗគ្នា ខ្ញុំធ្វើកាលពី១០ឆ្នាំមុន ៥ខែអីបានដាច់អស់១ ចាប់ពីឆ្នាំ២០០៣ ដោយសារទើបមានគេស្គាល់ គេទិញច្រើនប្រហែល១ខែនេះ ខ្ញុំលក់អស់ ១០អង្រឹង»។

អង្រឹងដែលកាត់យកឫស្សីជាកំណាត់ៗ លាបពណ៍ផ្សេងៗគ្នានេះ ត្រូវបានលោកបញ្ជាក់ថា វាមានលក្ខណៈពិសេសខុសប្លែកពីអង្រឹងធម្មតា ព្រោះវាមិនមានក្លិននៅដក់ជាប់ដូចអង្រឹងសាច់ ក្រណាស់ឡើយ។ ម្យ៉ាងទៀត បន្ទះឫស្សីទាំងនោះមានភាពត្រជាក់ ដែលកាន់តែមានផាសុកភាព សម្រាប់អ្នកប្រើប្រាស់។

ដោយឡែក សម្រាប់រយៈពេលក្នុងការផលិត លោកបានឱ្យដឹងថា៖ «អង្រឹងបើធ្វើយកស្អាត ៦ថ្ងៃបាន១ ពេលនេះរៀងស្ទាត់៣ថ្ងៃ ៣ថ្ងៃកន្លះបាន១។ តម្លៃយើងលក់ខុសគ្នា ដោយសារធ្វើពីឫស្សីខុសគ្នា មានចុងឬស្សី ពាក់កណ្ដាលឫស្សី និងគល់ឫស្សីតែម្ដង។ ពាក់កណ្ដាល ឫស្សីយើងកាត់​ធ្វើជា​តម្លៃ​លេខ១ យើងលក់ថ្លៃជាងគេ ចុងឫស្សីលក់ថោកជាងគេ គល់ឬស្សីពិបាកធ្វើ តម្លៃខុសគ្នាមួយ ៤ ១០ដុល្លារអីចឹង»។

រីឯគុណភាពវិញ លោកបានអះអាងថា អង្រឹងប្រភេទនេះជាប់បានយូរ ព្រោះលោកប្រើប្រាស់ឫស្សី ចាប់ពីអាយុ៥ឆ្នាំឡើង។ ការរើសឬស្សីនេះទៀតសោត លោកជាអ្នកដកដោយខ្លួនឯង ដោយគិតអំពី និរន្តរភាពនៃធនធានធម្មជាតិទៅថ្ងៃអនាគតទៀត។ ជារួមក្នុងមួយគុម្ពលោកដកតែ ២ ទៅ ៣ដើម ប៉ុណ្ណោះ ហើយដើមនីមួយៗមិនមានអាយុក្រោម៥ឆ្នាំឡើយ។

ជាចុងក្រោយ លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានដើមឬស្សីនៅលើដីរបស់ខ្លួនសូមកុំកាប់ចោល គួរទុកសម្រាប់កែច្នៃ ឬសម្រាប់លក់បន្តទៅអ្នកកែច្នៃ។ ម្យ៉ាងទៀត ដើមឫស្សីនេះមានអត្ថ​ប្រយោជន៍ច្រើនផងដែរសម្រាប់ការរស់នៅ និងដែលសំខាន់បំផុតវាអាចជួយឲ្យរបរកែច្នៃអាចរស់រានបាន ដោយមិនចាំបាច់ធ្វើចំណាកស្រុក៕

អត្ថបទទាក់ទង