Close

ប្រជាសហគមន៍ក្នុងតំបន់ជីផាត បង្កើនការដាំដុះដំណាំហូបផ្លែជាច្រើនមុខដើម្បីលក់ជូនភ្ញៀវទេសចរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សង្គម
ប្រជាសហគមន៍ក្នុងតំបន់ជីផាត បង្កើនការដាំដុះដំណាំហូបផ្លែជាច្រើនមុខដើម្បីលក់ជូនភ្ញៀវទេសចរ ប្រជាសហគមន៍ក្នុងតំបន់ជីផាត បង្កើនការដាំដុះដំណាំហូបផ្លែជាច្រើនមុខដើម្បីលក់ជូនភ្ញៀវទេសចរ

ជីផាត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយដែលប្រមូលផ្ដុំទៅដោយធនធានធម្មជាតិជា ច្រើនប្រភេទ។ សហគមន៍អេកូទេសចរណ៍ជីផាតឯណោះវិញ បានកកើតឡើងតាំងពីឆ្នាំ ២០០៨ មកម្លេះ ប៉ុន្តែកាលណោះមិនសូវជាមានអ្នកស្គាល់ច្រើនទេ។

រហូតដល់រយៈពេលប្រមាណជាជិត ១០ឆ្នាំចុងក្រោយនេះ ដែលសន្ទុះនៃការដើរក្នុងស្រុកចាប់ផ្ដើម រីករាលដាល ទើបសហគមន៍មួយនេះចាប់ផ្ដើមស្គាល់ភាពល្បីល្បាញផងដែរ។ ដោយឡែក សហគមន៍​អេកូទេសចរណ៍ជីផាត មានប្រជាជនជាសមាជិកប្រមាណជា ៦០០គ្រួសារ ក្នុងនោះក៏មានអ្នកដែល​ទទួល​ផលដោយផ្ទាល់ និងដោយប្រយោលពីវិស័យទេសចរណ៍។

អ្នកដែលបានទទួលផលដោយផ្ទាល់គឺជា អ្នកដែលបម្រើសេវាកម្មទេសចរណ៍ដូចជា ផ្ទះស្នាក់ សេវាកម្ម ម្ហូបអាហារ សេវាកម្មដឹកជញ្ជូនជាដើម។ រីឯអ្នកដែលទទួលផលដោយប្រយោល គឺក្រុមគ្រួសាររបស់ កសិករផ្សេងទៀត ដែលដាំដុះដំណាំហូបផ្លែទុកលក់ជូនភ្ញៀវទេសចរ។

ដោយសារតែដីនៅក្នុងតំបន់ជីផាតមានអំណោយផលផង ការដាំដុះផ្សេងៗរបស់ប្រជាពលរដ្ឋក៏មិនមាន អ្វីជាឧបសគ្គនោះដែរ។ ផ្ទុយទៅវិញ វាបានក្លាយទៅជាទម្លាប់មួយដែលអ្នកទេសចរតម្រង់ទៅរកបន្លែ ផ្លែឈើ ដែលដាំដុះលើដីចំការ ដើម្បីទិញយកភ្លាមៗតែម្ដង។

បើតាមប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បន្លែ បង្កា ដំណាំហូបផ្លែនៅក្នុងតំបន់ជីផាត បានក្លាយជាផ្នែកមួយដែលទាក់ទាញទេសចរផងដែរ ព្រោះភាគច្រើនលោកតែងតែលឺពីការកោតសរសើរ លើរសជាតិរបស់បន្លែ ផ្លែឈើស្រស់ៗទាំងនោះ។

លោក អ៊ន សុវណ្ណ ដែលជាប្រធានសហគមន៍បានបន្តឲ្យដឹងអំពីការដាំដុះរបស់ប្រជាកសិករនារដូវវស្សា ឆ្នាំនេះថា៖ « សម្រាប់​ប្រជាកសិករ​ បច្ចុប្បន្ន​នេះ​ឃើញ​ថា​ពួក​គាត់​កាក់កប​គ្រាន់​បើ ឥឡូវ​នេះ​មាន​ធូរេន សាវម៉ាវ មង្ឃុត ផ្លែ​បឺរ ចំណែក​ឯ​ផ្លែឈើ​ក្នុង​ព្រៃ​ដូចជា​ភ្ញៀវ​អី​ហ្នឹង គឺ​កសិករ​យើង​កំពុង​តែ​ប្រមូល​ទិន្នផល​លក់​ជូន​ភ្ញៀវ​ទេសចរ​មក​លេង​ផ្ទាល់​ និង​មាន​កសិករ​ខ្លះ​មាន​ទាំង​ម៉ូយ​មក​ទិញ​ទៀត​ផង​ និយាយ​រួម​កសិផល​ក្នុង​សហគមន៍​មាន​ការ​កើន​ឡើង​ ហើយ​តម្រូវ​ការ​ទីផ្សារ​ក៏​ល្អ​ផង​ដែរ។»

សម្រាប់ឆ្នាំនេះដែរ លោកបានកត់សម្គាល់ឃើញប្រជាកសិករ​​ចាប់​ផ្ដើម​ដាក់​ដាំ​បន្លែ​បង្ការ​ចម្រុះ​បន្ថែមទៀត​ដូចជា ពោត​ សណ្ដែក​ ត្រសក់ ស្ពៃ បន្លែ ជា​ពិសេស​ស្រូវ និង​ដំណាំ​តាម​រដូវ​កាល​មួយ​ចំនួន​ទៀត។ ហើយដែលការបង្កើនការដាំដុះទាំងនោះគឺដើម្បីផ្គត់ផ្គង់ជូនភ្ញៀវទេសចរមួយផ្នែកធំ។

យ៉ាងណាមិញ លោក អ៊ន សុវណ្ណ បានឲ្យដឹងពីចំនួនភ្ញៀវដែលចូលទៅទស្សនាសហគមន៍របស់លោក ថា៖ «ទាក់ទង​ជា​មួយ​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​តំបន់​អេកូ​ទេសចរណ៍​ជីផាត​របស់​យើង​មាន​ចំនួន​តិច​ជាង​មុន​ បាន​ន័យ​ថា​បើ​រដូវ​ប្រាំង​គឺ​គ្រាន់​បើ​ ចន្លោះ​ខែ​ ១-២ ភ្ញៀវ​ទេសចរណ៍​បុក​មក​លេង​ខ្លាំង​ ទាំង​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ជាតិ ម្យ៉ាង​ទៀត​អាច​និយាយ​បាន​ថា​ នៅ​សហគមន៍​យើង​នេះ​ខែ​វស្សា​គឺ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​គោលដៅ​កន្លែង​កម្សាន្ត​ផ្សេងៗ។»

បើទោះជាមានបញ្ហាក្នុងការធ្វើដំណើរយ៉ាងណាក្ដី ជា​មធ្យម​ក្នុង​មួយ​ខែ​សហគមន៍ជីផាតនៅតែអាចទទួល​ភ្ញៀវ​ទេសចរ​ ចន្លោះ​ពី ១៥០នាក់ ទៅ​២០០នាក់​។ ហើយដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវ សហគមន៍​ក៏​បាន​ត្រួសត្រាយ​ផ្លូវ​រួចរាល់​ហើយ​សម្រាប់​ឆ្នាំ​២០២៣នេះ​ ដែលមានន័យថាទោះ​បី​​រដូវវស្សា​ក្តី​បើ​ទេសចរ​ចង់ទៅ​លេងកម្សាន្ដ​គឺ​អាច​ទៅបាន​ ជាពិសេសទៅភ្លក់ផ្លែឈើជាច្រើនមុខដែលប្រជាកសិករ កំពុងដាំដុះ។

ដោយឡែក​ ដើម្បីផ្ដល់សេវាកម្មដ៏ល្អជូនភ្ញៀវទាំងក្នុងស្រុក និងអន្តរជាតិ៖ «យើង​ត្រៀម​ដូចជា​សម្ភារ​ជួល​ យើង​នៅ​តែ​ត្រៀម​សម្រាប់​ខែ​វស្សា​នេះ​ សេវាកម្ម​ស្នាក់​នៅ​របស់​យើង​ក៏​មាន​ការ​ពង្រឹង​បញ្ហា​សុវត្ថិភាព​ បន្ទប់​ស្នាក់​ ហើយ​សម្រាប់​សហគមន៍​ផ្ទាល់​ក៏​ពង្រឹង​នូវ​សមត្ថភាព​សហគមន៍​បន្ថែម​ដូច​ជា​ មគ្គុទ្ទេសក៍​ទេសចរ ចុងភៅ ហើយ​យើង​ក៏​មាន​ត្រៀម​នូវ​សម្ភារៈ​សម្រាប់​ផ្សងព្រេង​ដូចជា កង់​ឡើងភ្នំ កាយ៉ាក និង​ទូក​ជាដើម»៕


អត្ថបទទាក់ទង