កម្ពុជាត្រៀមខ្លួនសហការជាមួយសាធារណរដ្ឋកូរ៉េក្នុងការជំរុញសេដ្ឋកិច្ចបៃតង
តាមរយៈកិច្ចប្រជុំបណ្ដាញបៃតងសកលកូរ៉េឆ្នាំ ២០២៣ ក្រសួងបរិស្ថានបានបង្ហាញឆន្ទៈក្នុងការចូលរួម សហការជាមួយអន្តរជាតិ ដើម្បីជំរុញនូវសេដ្ឋកិច្ចបៃតង។
កិច្ចប្រជុំនេះផងដែរធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ ព្រមទាំងឯកឧត្តម ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋកូរ៉េ តំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រិះស្ថានហិរញ្ញវត្ថុសរុបប្រមាណជា ៤០០នាក់។
ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពកម្ពុជាបានគូសបញ្ជាក់ថា៖ «ពិតមែនតែកម្ពុជាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសតាមរយៈការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ដែលកម្ពុជាបានផ្តល់សច្ចាប័ន។»
យ៉ាងណាមិញ ក្នុងរយៈពេលកន្លងមកនេះ កម្ពុជាក៏បានសម្រេចនូវសមិទ្ធផលជាច្រើន ក៏ដូចជាផែនការនានាដែលកំពុងអនុវត្តសំដៅរជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា ដោយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ។
ក្នុងនោះ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាស៊ានទី១ ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយគោលដៅជាក់លាក់ ក្នុងការសម្រេចបាននូវសមតុល្យសូន្យនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៥០។
បន្ថែមពីនេះ ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍។
ទន្ទឹមគ្នានេះ កម្ពុជាក៏បានគិតគូរអំពីការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានចក្ខុវិស័យរួម ដោយវាជាកត្តាចាំបាច់មួយដែលធានានូវជោគជ័យនៃការអភិវឌ្ឍបៃតង។ រីឯសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេសឈានមុខមួយក្នុងវិស័យនេះ មានតួនាទីសំខាន់នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេសការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយដ៏រឹងមាំក្នុងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកប្រកបដោយវិបុលភាព បរិយាបន្ន មាធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន៕