សត្វរំពេរទន្លេ ប្រភេទបក្សីដ៏កម្រ កើនឡើងដល់ប្រមាណ ១៣០ ភាគរយ ក្នុងឆ្នាំ ២០២៣
ក្រចេះ និងស្ទឹងត្រែង ៖ ក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF បានបញ្ជាក់ថា ចំនួនសត្វរំពេរទន្លេ ដែលបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ ក្នុងឆ្នាំ២០២៣នេះ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ឆ្នាំមុន។
ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន ៣ក្បាល ទៀត ក្នុងឆ្នាំ២០២៣ នេះ។ នេះបើយោងតាមសេចក្តីរាយថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីការគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ។
គួរបញ្ជាក់ជូនផងដែរ ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ក្បាល ក្នុងឆ្នាំ ២០២៣នេះ។
បច្ចុប្បន្ន សត្វរំពេរទន្លេព្រមទាំងកូនទាំងនេះកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសំបុកសរុបចំនួន ៣១សំបុក ដែលស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋាន ដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។
ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN សត្វរំពេរទន្លេជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំង រហូតដល់ទៅជាង ៨០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ដោយមូលហេតុចំបងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស។
លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។
អង្គការWWF បានឱ្យដឹងថា យើងសូមថ្លែងអំណរគុណដល់ប្រជាជនក្នុងមូលដ្ឋាននៃតំបន់ទីជម្រកសត្វរំពេរទន្លេរស់នៅសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF ក្រោមការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិក (DGD) WWF-ប៊ែលហ្សិក និងកម្មវិធី CRxN ក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអូស្ត្រាលី & WWF-អូស្ត្រាលី៕