សហគមន៍ពាមក្រសោប៖ តំបន់ដ៏មានសក្កានុពលចម្រុះសម្រាប់ខេត្តកោះកុង
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ខណៈដែល ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥នាទីប៉ុណ្ណោះ ។
ជាការពិត នេះជាសហគមន៍មួយដែលមានភាពល្បីល្បាញលើសក្កានុពលទេសចរណ៍ជាច្រើនប្រភេទ។ សម្រាប់អ្នកដែលចូលចិត្តបរិភោគគ្រំចំពុះទា ប្រាកដជាស្គាល់ហើយថា សហគមន៍នេះជាកន្លែងដែលមានប្រជានេសាទច្រើន និងជាកន្លែងដែលផ្គត់ផ្គង់គ្រំចំពុះទាច្រើនជាងគេ នៅទូទាំងប្រទេស។
ក្រៅតែពីផលិតផលសហគមន៍ដ៏មានឳជារសទៅ សហគមន៍នេះក៏មានព្រៃកោងកាងដ៏ក្រាស់ឃ្មឹក ដែលបង្កើតជាទស្សនីយភាពដ៏ត្រជាក់ភ្នែកសម្រាប់ស្វាគមន៍ភ្ញៀវ។ នៅខាងក្រោមព្រៃកោងកាងដែល ដុះខ្ពស់ស្រឡះទាំងនោះទៀតសោត មានស្ពានឈើដ៏វែងដែលគេអាចដើរចូល និងគយគន់ជីវៈចម្រុះផងដែរ។
ចេញពីស្ពានឈើនៅក្រោមម្លប់កោងកាងទៅ គេអាចបន្តដំណើរឡើងទៅលើស្ពានយោល និងអាចឆ្លងស្ពានយោលនេះ ទៅកាន់ប៉មដែលនៅម្ខាងទៀត។ នៅលើប៉មនេះដែរ គេអាចមើលឃើញ ទេសភាពព្រៃកោងកាង និងស្នាក់ការរបស់សហគមន៍ផងដែរ។
លោក សៀក សាបុន ដែលជាប្រធានសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានឲ្យដឹងថា សហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ ២០០១ ដែលកាលណោះមានសមាជិកចូលរួមត្រឹមតែ២ភូមិប៉ុណ្ណោះ។ ក្រោយមកទៀត ទើបមានការចូលរួមពីប្រជាជនកាន់តែច្រើន ដែលនាំឲ្យដីសហគមន៍កើន ឡើងដល់ជាង៣ពាន់ហិកតា និងគ្របដណ្ដប់ព្រៃកោងកាងចំនួនជាង ១ពាន់ហិកតា។
លោកបន្តឲ្យដឹងថា៖ «ពីដើមឡើយប្រជាជននៅទីនេះប្រកបតែរបរនេសាទទេ តែក្រោយពេលពួកគាត់ បានចូលរួមជាមួយសហគមន៍ទៅ ពួកគាត់បានទទួលផលគួរសមពីសហគមន៍យើង។ ដូចជាអ្នកនេ សាទដែលមានទូកស្រាប់ គាត់អាចយកទូកមកដឹកភ្ញៀវទៅទស្សនាកន្លែងជិតៗនេះជាដើម។»
ដល់រដូវកាលដែលមិនសូវមានភ្ញៀវ ប្រជាជនក៏ត្រឡប់ទៅប្រកបរបរនេសាទវិញ ឬអ្នកខ្លះអាចបង្កើត ផលិតផលថ្មីៗទុកសម្រាប់លក់ឲ្យភ្ញៀវផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកប្រធាន សហគមន៍ពាមក្រសោប។ ចំណែកឯស្ត្រីនៅក្នុងភូមិដែលពីដើមមកធ្វើតែការងារក្នុងគ្រួសារ ពេលនេះក៏មានរបរលក់ដូរ មានបម្រើសេវាកម្មម្ហូបអាហារដល់ភ្ញៀវទៀតផង។
ប៉ុន្តែយ៉ាងណា លោក សៀក សាបុន បានអះអាងថា រាល់តម្លៃដែលដាក់ជូនភ្ញៀវ មិនថាសេវាកម្មម្ហូប ឬសេវាកម្មធ្វើដំណើរ គឺសុទ្ធតែត្រូវបានប្រជុំពិភាក្សា កំណត់យកតម្លៃមួយដែលអាចទទួលយកបាន ពោលគឺមិនធ្វើឲ្យភ្ញៀវអាក់អន់ស្រពន់ចិត្តឡើយ។
ប្រធានសហគមន៍រូបនេះបានគូសបញ្ជាក់ថា៖ «នៅទីនេះមិនត្រឹមតែមានទេសភាពដើមកោងកាង ប៉ុណ្ណោះទេ ប៉ុន្តែមានទាំងឆ្នេរដ៏ស្រស់ស្អាត មានសត្វស្លាប មានផ្សោតសមុទ្រ មានក្ដាម៧ពណ៍ ព្រមទាំងមានទីតាំងដីដែលដំាដុះកូនកោងកាងបន្ថែមដើម្បីបង្កើនទេសភាពរបស់សហគមន៍បន្ថែមផងដែរ»៕