រដ្ឋមន្ត្រីក្រសួងការងារ ៖ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់លើការផ្តល់នូវការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមគ្រប់បែបយ៉ាងជូនដល់បងប្អូននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងដូច្នាំ នាឱកាសប្រគល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) ដើម្បីលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
លោក លួស សីហា ប្រធានសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឱ្យដឹងថា សមាគមរបស់លោក ជាសមាគមក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញឯកជន មិនធ្វើនយោបាយ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងសាសនា ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូរ ការពារសិទ្ធិការងារ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងផ្នែកសេវាកម្សាន្ត និង សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជានិច្ចជាកាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ការផ្តល់នូវការពារសិទ្ធ អត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមគ្រប់បែបយ៉ាងជូនដល់បងប្អូន កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ និងសមាគមទ្រទ្រង់ផ្នែកសេវា កម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលគាំទ្រនិងបានខិតខំក្នុងការចូលរួមអនុវត្តនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមអោយកាន់តែរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារ មានមុខរបរ និងការងារ ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួល បាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរនិងការងារដែលបងប្អូនកំពុងធ្វើ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានសម្របសម្រួល ដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាការផ្តល់នូវកិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូនផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីជំនាញក្រសួង ក្រុមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមកពីខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ សមាជិកសមាគម ស.ស.ក ទាំងអស់ រួមគ្នាសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះសហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចខាងក្រោម៖
ទី១. លើកកម្ពស់តួនាទី កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមានគំនិតច្នៃប្រឌិតសហគ្រិនភាព បង្កើតមុខរបរ ការងារធ្វើ ដោះស្រាយបាននូវជីវភាពគ្រួសារ រួមចំណែកក្នុងការពង្រឹងស្ថិរភាពសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ។
ទី២. លើកទឹកចិត្ត និងផ្តល់កិច្ចគាំពារនានា ដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការទទួលស្គាល់សមត្ថភាពជំនាញតាមប្រព័ន្ធតេស្តសមត្ថភាព ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។
ទី៣. ជួយគាំទ្រដល់ការអភិវឌ្ឍមុខរបរ និងការងារ តាមរយៈគោលនយោបាយពន្ធដារ ការចុះបញ្ជី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់។
ទី៤. ជួយសម្រួលដល់បរិយាកាសនៃការធ្វើអាជីវកម្ម ការប្រកបរបររកស៊ីរបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី៥- លើកទឹកចិត្តចូលរួមសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា៕