Close

អឺរ៉ុបដាក់សំណើសុំបន្ថែមជំនួយយោធាជិត៤ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អឺរ៉ុបដាក់សំណើសុំបន្ថែមជំនួយយោធាជិត៤ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន អឺរ៉ុបដាក់សំណើសុំបន្ថែមជំនួយយោធាជិត៤ពាន់លានដុល្លារទៀតឲ្យអ៊ុយក្រែន

បរទេស៖ ប្រធានសហភាពអឺរ៉ុបផ្នែកកិច្ចការងារសន្តិសុខ និងគោលនយោបាយបរទេសលោក Josep Borrell កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការបញ្ជាក់ថា អឺរ៉ុបកំពុងដាក់សំណើសុំបន្ថែមជំនួយជាយោធាដែលគិតជាទឹកប្រាក់មានប្រមាណជា៣,៨ពាន់លានដុល្លារបន្ថែមទៀតយកទៅផ្គត់ផ្គង់ដល់កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន។

មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះធ្លាប់បានព្រមានរួចមកហើយថា កងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែននឹងដួលរលំជាមិនខានក្នុងរយៈពេលមិនដល់ប៉ុន្មានថ្ងៃឡើយប្រសិនបើលោកខាងលិចនឹងមិនបន្តធ្វើការផ្គត់ផ្គង់យោធាបន្ថែមទៀតនោះ។

លោក Borrell បានធ្វើការស្នើទៅកាន់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបក្នុងការផ្តល់សិទ្ធិដើម្បីប្រើប្រាស់ថវិកាជំនួយថ្មីចេញពីមូលនិធិដើម្បីសន្តិភាពអឺរ៉ុប ឬហៅកាត់ថា EPF ដើម្បីយកទៅជួយឧបត្ថម្ភដល់ប្រទេសអ៊ុយក្រែន ខណៈដែលគេសង្កេតឃើញថាផែនការផ្គត់ផ្គង់សាច់ប្រាក់ដ៏ធំនឹងទាមទារឱ្យមានការយល់ព្រមជាឯកច្ឆ័ន្ទពីរដ្ឋាភិបាលសហភាពអឺរ៉ុបទាំងស្រុង ជាមុនសិន។

គួរឲ្យដឹងដែរថា លោក Borrell គឺជាបុគ្គលដែលស្ថិតក្នុងចំណោមអ្នកគាំទ្រយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប ដោយកន្លងមកគាត់គឺជាអ្នកដែលបានបញ្ចុះបញ្ចូលម្តងហើយម្តងទៀតសម្រាប់ការគាំទ្រផ្នែកយោធាឲ្យទៅអ៊ុយក្រែនពីសំណាក់បណ្តាប្រទេសនៅលោកខាងលិច។

កម្មវិធីមូលនិធិដើម្បីសន្តិភាពនៅអឺរ៉ុប ឬ EPF គឺជាកញ្ចប់ថវិកាដែលនៅដាច់ដោយឡែកពីកញ្ចប់ថវិកាសម្រាប់ប្រទេសជាសមាជិកទាំង២៧របស់ប្លុកអឺរ៉ុបហើយកាលពីដំបូងឡើយវាមានទំហំប្រមាណជា ៥,៤ពាន់លានដុល្លារដែលនឹងអាចប្រើប្រាស់រហូតទៅដល់ឆ្នាំ២០២៧ ប៉ុន្តែក្រោយមកត្រូវបានដកយកទៅប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងការជួយឧបត្ថម្ភគាំទ្រទៅឲ្យកងកម្លាំងយោធាអ៊ុយក្រែនគិតចាប់តាំងតែពីឆ្នាំ២០២២មក ជាពិសេសកញ្ចប់ថវិកាដ៏ធំមួយចុងក្រោយកាលពីខែធ្នូ៕

អត្ថបទទាក់ទង