ឆ្នាំ២០២៣ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦%
នៅក្នុងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។
របាយការណ៍ដដែលបានបង្ហាញថា កំណើននេះអាចសម្រេចបាន ដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើនការតភា្ជប់ជើងហោះហើរមកកម្ពុជាជាលំដាប់ និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាលជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន។
វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។
យ៉ាងណាមិញ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារអចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ។
អតិផរណានៅឆ្នាំ២០២៣ អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ច ពិភពលោកអាចមានកំណើនទាបជាមួយនឹងការថយល្បឿនកំណើនថ្លៃម្ហូបអាហារ អតិផរណាត្រូវបានព្យាករថាថយចុះមកត្រឹម ២,៥%។
គួរបញ្ជាក់ថា ក្នុងក្របខ័ណ្ឌដុល្លារូបនីយកម្មខ្ពស់ ការរក្សាស្ថិរភាពប្រាក់រៀលជាកត្តាសំខាន់ ដើម្បីសម្រេចគោលដៅរក្សាស្ថិរភាពអតិផរណា។ ជាពិសេស ស្ថិរភាពប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានជួយការពារអំណាចទិញ ចំណូលរបស់ប្រជាជនដែលមានចំណូលជាប្រាក់រៀល និងរួមចំណែកបន្ទាបតម្លៃទំនិញនាំចូល។ ប៉ុន្តែការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ធ្វើឱ្យថ្លៃទំនិញនាំចេញពីកម្ពុជាមានកម្រិតខ្ពស់ជាងមុន បើគិតជារូបិយប័ណ្ណនៅក្នុងប្រទេសជាទីផ្សារនាំទំនិញចូលពីកម្ពុជា ដែលនេះអាចជាការប្រឈមមួយទៀតសម្រាប់កម្ពុជា៕