បារាំងនៅមិនទាន់ត្រៀមខ្លួននៅឡើយក្នុងការផ្តល់យន្តហោះចម្បាំងឲ្យយោធាអ៊ុយក្រែន
បរទេស ៖ ឆ្លើយតបទៅនឹងការសាកសួរដោយក្រុមអ្នកកាសែត និងមតិសាធារណៈនាពេលថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសបារាំងបានចេញមកធ្វើការបញ្ជាក់ថា មកដល់ពេលនេះវាហាក់ដូចជាមានភាពលឿនពេកហើយក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យទៅប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់កាសែត The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះបានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានធ្វើការសន្យានោះឡើយក្នុងការផ្តល់ឲ្យនូវយន្តហោះចម្បាំងជាច្រើនគ្រឿងតបតាមការស្នើសុំរបស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ដែលទើបតែបានជួបពិភាក្សាគ្នាកាលពីចុងសប្តាហ៍កន្លងមកនោះទេ។
ប្រភពមិនបញ្ចេញឈ្មោះកាលពីចុងសប្តាហ៍បានបញ្ជាក់ប្រាប់ The Politico ថាលោក Macron និងរដ្ឋាភិបាលក្រុងប៉ារីសនឹងមានការប្រយ័ត្នប្រយែងបំផុតចំពោះការស្នើសុំអាវុធរបស់អ៊ុយក្រែនដែលក្នុងនោះមានទាំងយន្តហោះចម្បាំងរថយន្តយោធារថក្រោះនិងកាំភ្លើងធំជាច្រើនផង។
ឆ្លើយតបទៅនឹងសំណួរដែលត្រូវបានសួរដោយក្រុមអ្នកកាសែតប្រភពដដែលបានបញ្ចាក់ទៀតថា បារាំងមិនបានពិចារណានៅឡើយក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន ប៉ុន្តែជាក់ស្តែងកំពុងផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផ្នែកប្រតិបត្តិការតាមផ្លូវគោក និងប្រតិបត្តិការសម្រាប់ការពារដែនអាកាសរបស់អ៊ុយក្រែនប៉ុណ្ណោះ៕