Close

សម្ដេចតេជោ ៖ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ និងជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ៖ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ និងជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ សម្ដេចតេជោ ៖ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ និងជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ

ភ្នំបេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ នាពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

សម្តេចតេជោបានថ្លែងដូច្នេះថា ៖«វិស័យកសិកម្មមិនមែនគ្រាន់តែជាការធ្វើស្រែ ដកស្ទូងប៉ុណ្ណោះទេ វិស័យកសិកម្មនេះ វាមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ»។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលមិនខ្លាចក្នុងការចំណាយទៅលើមន្រ្ដីបច្ចេកទេសកសិកម្ម ដើម្បីឱ្យទៅបម្រើពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។ សម្ដេចតេជោបានមានប្រសាសន៍ថា ការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ គឺសម្ដេចបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់កន្លងមកនេះ សុទ្ធតែត្រូវយកអាយុជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្ដិភាព និងកំណើនសេដ្ឋកិច្ចជូនជាតិមាតុភូមិ។

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះ។

សម្ដេចតេជោបានបញ្ជាក់ថា ក្រសួងកសិកម្ម មិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋចេះដាំដុះ ឬចិញ្ចឹមសត្វនោះទេ ប៉ុន្ដែក្រសួងក៏ត្រូវជំរុញប្រជាពលរដ្ឋឱ្យចេះកែច្នៃផលិតផលសម្រេចលើផលិតផលរបស់ខ្លួនផងដែរ។សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ សម្ដេចបានបន្ថែមថា ពេលមានទឹកគ្រប់គ្រាន់ហើយ អ្វីដែលត្រូវគិតគូរបន្ត គឺការស្វែងរកផលិតផលយុទ្ធសាស្រ្ដក្នុងការដាំដុះ ដូចជាមហិច្ឆតារបស់សម្ដេច គឺចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារច្រើនជាងគេលើពិភពលោក។

នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផលិតផលកសិកម្មចំនួន ៨,៦ លានតោនដែលស្មើនឹងតម្លៃសរុបជិត ៥ ពាន់លានដុល្លារត្រូវបានកម្ពុជានាំចេញជាផ្លូវការទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ខណៈវិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា៕

អត្ថបទទាក់ទង